(ត្បូងឃ្មុំ)៖ លោក ឈួរ សុបញ្ញា ក្នុងនាមជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំក្រែក បានសម្តែងការសប្បាយចិត្តដែល ថ្នាក់ដឹកនាំគណបក្ស បានផ្តល់ឱកាសឱ្យលោកបានចូលរួមចំណែកជាអ្នកដឹកនាំ ការងារជួយគណបក្សក្នុងឃុំក្រែកក្នុងនាមជាប្រធានក្រុមការងារគណបក្សចុះជួយឃុំក្រែក។
លោកបន្តថា ក្នុងរយ:ពេល៤ខែ នៃកាតដឹកនាំនេះ ក្រុមការងារយើងបានទទួលនូវភាពកក់ក្តៅ ក្តីស្រលាញ់ និងការរាប់អានប្រកបដោយមនោ សញ្ចេតនាជាលក្ខណ:មហាគ្រួសារខ្មែរក្នុងមូលដ្ឋានឃុំក្រែករបស់យើង។ លោកថា ប្រកបដោយឱកាសនៃការបានសិក្សារៀនសូត្របំប៉នសតិអារម្មណ៍នយោបាយផ្សាភ្ជាប់នឹងមហាជន និងបេះដូងប្រជាជននិងជីវភាពប្រចាំថ្ងៃរបស់បងប្អូនមូលដ្ឋាន។
បន្ថែមពីលើនេះ លោក ឈួរ សុបញ្ញា បានឲ្យដឹងថា ក្នុងរយ:ពេល៤ខែ ស្តែងចេញតាមរយ:លទ្ធផលនៃការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រុមការងារយើងទទួលបាននូវលទ្ធផលគួរជាទីមោទនបំផុត គឺទទួលបានសម្លេងគាំទ្រចំនួន១៤ ៤១៧ សម្លេង កើនឡើងខ្ពស់ចំនួន ២៤១២សម្លេង បើប្រៀបនឹងលទ្ធផលបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២។
លោកបានលើកឡើងថា ចំណុចនេះហើយ គឺជាការបង្ហាញឱ្យឃើញនូវកត្តាសាមគ្គីភាព ភាតរភាព និងឆន្ទ:របស់ក្រុមការងារ និងបេះដូងស្រលាញ់សន្តិភាពរបស់ពុកម៉ែមាមីងបងប្អូនក្រុមគ្រួសារឃុំក្រែកទាំងអស់គ្នា ដោយសម្រេចចិត្ត ជ្រើសរើសបក្សប្រជាជន រហូតបានលទ្ធផលលើសសន្ទស្សន៍ រហូតដល់ ១១០.៤៥% ពិសេសអ្នកផ្សារតែម្តង៕