(ព្រៃវែង)៖ ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ បានបិទបញ្ចប់ហើយ ដោយមានប្រជាពលរដ្ឋប្រមាណ៨៤.៥៨ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជី បានទៅបោះឆ្នោត។ សម្រាប់ភូមិបី ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែងឯនោះវិញ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីទាំងអស់បានអញ្ជើញទៅបោះឆ្នោត ហើយនាំគ្នាបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ១០០ភាគរយ ដោយមិនគូសសន្លឹកឆ្នោតចោលឡើយសូម្បីតែ១សន្លឹក ។

សន្លឹកឆ្នោតសរុបដែលទទួលនៅការិយាល័យភូមិបី មានចំនួន៦២៥សន្លឹក ក្នុងនោះ ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា មានចំនួន625 សម្លេង ដោយមិនមានការគូសសន្លឹកឆ្នោតចោលនោះទេ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា មានប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណ ៨ ២១៣ ២៦០នាក់ ស្មើនឹង ៨៤.៥៨ភាគរយបានទៅបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩ ៧១០ ៦៥៥នាក់ (១០០%)៕