(ស្វាយរៀង)៖ សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះមូលដ្ឋានខេត្ដស្វាយរៀង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញលិខិតកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារបក្សគ្រប់លំដាប់ថ្នាក់ និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបោះឆ្នោតជួយឱ្យគណបក្សប្រជាជនកម្ពុជា ទទួលជ័យជម្នះ ៥/៥អាសនៈ នៅក្នុងខេត្តស្វាយរៀង។

តាមលិខិតសរសើរ និងថ្លែងអំណរគុណ របស់សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ ​បានឲ្យដឹងថា៖ ក្នុងនាមក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្តស្វាយរៀង ក្នុងនាមគណៈចលនាមហាជនគ្រប់លំដាប់ថ្នាក់ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តស្វាយរៀង ក្រុមការងារគណៈចលនាមហាជន ក្រុមការងារថ្នាក់ខេត្ត ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់នៅខេត្តស្វាយរៀង និងក្រុមការងារយុវជន និងសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាទាំងអស់ ចំពោះការកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ចិត្ត ស្មារតី ថវិកា ធនធានសរុបក្នុងការបំពេញភារកិច្ចយ៉ាងសស្រាក់សម្រាំ ទោះបីមេឃក្ដៅ ភ្លៀង ផ្គរ ដោយមិនខ្លាចនឿយហត់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងផ្សព្វផ្សាយ និងបញ្ជ្រាបគោលនយោបាយ គណបក្សប្រជាជនកម្ពុជា ទៅដល់ប្រជាពលរដ្ឋគ្រប់បញ្ឈដ្ឋាន នៅទូទាំងខេត្តស្វាយរៀង ឲ្យបានយល់ដឹង និងជ្រួតជ្រាបរហូតទទួលបានការគាំទ្រ លើសផែនការដែលបានកំណត់ និងទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជានៅនីតិកាលទី៧ ឆ្នាំ២០២៣នេះ។

ទន្ទឹមនេះដំណើរការប្រព្រឹត្តទៅដោយជោគជ័យ ក្រោមបរិយាកាសស្ងប់ស្ងាត់ សុខសន្តិភាព និងគ្មានអំពើហិង្សា នៃការបោះឆ្នោតជ្រើសតំណាងរាស្ត្រ នីតិកាលទី៧ ក៏បានបង្ហាញទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ឲ្យឃើញនូវភាពកាន់តែចាស់ទុំ និងភាពម្ចាស់ការ ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការអនុវត្តគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

សូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទូទាំងប្រទេសដែលស្រឡាញ់ និងជឿទុកចិត្ត និងនៅតែបន្តគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលទទួលបានសំឡេងគាំទ្រឈ្នះនៅនីតិកាលទី៧នេះ និងសូមថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋខេត្តស្វាយរៀងទាំងមូល ដែលស្រឡាញ់ គាំទ្រ និងបានបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាឈ្នះដាច់តាមលទ្ធផលជាបឋមរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ទទួលបានសំឡេង ៥ លើ ៥៕