(សៀមរាប)៖ រដ្ឋបាលស្រុកក្រឡាញ់ ខេត្តសៀមរាប បានស្នើដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ឬអ្នកដែលធ្វើដំណើរឆ្លងកាត់ទីរួមស្រុកក្រឡាញ់ សូមចូលរួមគោរពទង់ជាតិនៅពេលឮសំឡេងភ្លេងជាតិបន្លឺឡើង នាម៉ោង៧ព្រឹកថ្ងៃច័ន្ទ និងថ្ងៃសុក្រ។ រដ្ឋបាលស្រុកក្រឡាញ់ធ្វើឡើង គឺដើម្បីចូលរួមថែរក្សា លើកកម្ពស់អត្តសញ្ញាណជាតិ និងដាស់អារម្មណ៍ ស្មារតីដល់សាធារណជនផងដែរ។
នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ រដ្ឋបាលស្រុកក្រឡាញ់ បានរៀបចំគោរពទង់ជាតិជាលើកដំបូង ចាប់ពីមុខអាគារសាលាស្រុក រហូតដល់ផ្លូវបំបែករង្វង់មូលគ្រុឌថ្លែងសរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ រដ្ឋបាលស្រុកក្រឡាញ់ ក៏បានចាក់ផ្សាយចម្រៀងជាតិ ដោយចាក់បទនគររាជ ផ្សាយចេញពីវិទ្យុ តាមរយៈឧឃោសនសព្ទ (មេក្រូ) នៅរៀងរាល់ព្រឹកថ្ងៃច័ន្ទ និងថ្ងៃសុក្រ។
លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ បានឲ្យដឹងថា ការគោរពទង់ជាតិថ្ងៃដំបូងនេះ ទោះបីជាចំថ្ងៃឈប់សម្រាកបន្ទាប់ពីថ្ងៃបោះឆ្នោតក៏ដោយ ក៏មានការចូលរួមពីមន្រ្តីរាជការ កងកម្លាំងជួយសម្រួលចរាចរណ៍ ក្រុមប្រឹក្សាឃុំកំពង់ថ្កូវ ឃុំក្រឡាញ់ អាជីវករលក់ដូរ និងអ្នកដំណើរតាមដងផ្លូវនៅក្នុងទីប្រជុំជនស្រុក និងយុវជនជាច្រើនផងដែរ។
លោក សុខ ណារ៉េត បានបន្តថា បើតាមការពិនិត្យជាក់ស្តែងប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់មានសេចក្ដីសោមនស្សរីករាយ និងមានការត្រៀមខ្លួនចូលរួមដោយទឹកមុខញញឹមរស់រាយ។
ជាមួយនេះដែរ លោកអភិបាលស្រុក ក៏បានសម្តែងនូវការរីករាយជាខ្លាំង ដោយបានឃើញការចូលរួមយ៉ាងច្រើនកុះករ ប្រកបដោយការយកចិត្តទុកដាក់របស់គ្រប់អ្នកចូលរួម ពិសេសបងប្អូនអ្នកដំណើរលើដងផ្លូវ ដែលបានឈប់មធ្យោបាយធ្វើដំណើរក្នុងការចូលរួមគោរពទង់ជាតិ។ ជាងនេះទៅទៀត គឺបានឃើញការរៀបចំការគោរពទង់ជាតិនេះ បានចាប់ផ្ដើមប្រព្រឹត្តទៅតាមគោលបំណងររំពឹងទុកផងដែរ៕