(តូក្យូ)៖ លោកស្រី Yuriko Koike អតីតរដ្ឋមន្ត្រីការពារជាតិជប៉ុន បានក្លាយជាស្ត្រីដំបូងក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានតែងតាំងជាអភិបាលទីក្រុងតូក្យូ ក្រោយការបោះឆ្នោតបញ្ចប់។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយសារព័ត៌មាន BBC នាយប់ថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០១៦។
ទូរទស្សន៍រដ្ឋ NHK របស់ប្រទេសជប៉ុន បានប្រកាសលទ្ធផលក្រោយការបោះឆ្នោត បិទបញ្ចប់នៅវេលា ម៉ោង៨៖០០នាទីយប់ ថ្ងៃអាទិត្យ ម៉ោងនៅទីក្រុងទីក្រុងតូក្យូ។ ការតែងតាំងលោកស្រីនេះដែរ គឺស្របពេលដែលទីក្រុងតូក្យូ កំពុងជួបប្រទះបញ្ហាហិរញ្ញវត្ថុ ខណៈដែលកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០ខាងមុខ។
គួរបញ្ជាក់ថាអភិបាលទីក្រុងតូក្យូចំនួនពីររូបមកហើយ ដែលបានលាលែងចេញពីតំណែងក្រោយពី ទទួលរងនូវរឿងអាស្រូវជុំជិត ពាក់ព័ន្ធនឹងការត្រៀមធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០។ អភិបាលទីក្រុងតូក្យូមុន គឺលោក Yoichi Masuzoe បានលាលែងចេញពីតំណែងក្រោយពី ទទួលរងការចោទប្រកាន់ថាបានប្រើប្រាស់ថវិការដ្ឋ ដើម្បីភាពហ៊ឺហាផ្ទាល់ខ្លួនពេលកំពុងខ្វះខាត៕