(កំពង់ស្ពឺ)៖ ផ្អែកលើលទ្ធផលបណ្តោះអាសន្ន ត្រឹមយប់ថ្ងៃទី២៣ ខែកក្កដា ម្សិលមិញនេះ យើងអាចសន្និដ្ឋានបានថា គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈច្រើនលើសលុប ដែលធានាបាននូវជ័យជម្នះ ក្នុងការរៀបចំរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ។ នេះបើតាមការបញ្ជាក់របស់បេក្ខជនតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ានី។
ក្នុងបរិយាកាសប្រកបដោយក្តីរំភើបរីករាយនេះ ក្នុងនាមជាបេក្ខជនតំណាងរាស្រ្តមួយរូប, លោក ហ៊ុន ម៉ានី សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុត ជូនដល់លោកយាយលោកតា អ៊ុំ ពុកម៉ែ មាមីង បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ រួមបញ្ចូលទាំងក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ ដែលបានអនុវត្តសិទ្ធិនយោបាយរបស់ខ្លួន ធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជាបន្តបម្រើជាតិ និងប្រជាជនក្នុងរយៈពេល ៥ឆ្នាំទៅមុខទៀតនេះ។
លោក ហ៊ុន ម៉ានី បានលើកឡើងថា លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧នេះ បានឆ្លុះបញ្ចាំងពីជំនឿទុកចិត្តឥតងាករេរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោតមកលើកិច្ចខិតខំប្រឹងប្រែង ការលះបង់ និងសមត្ថភាពដឹកនាំប្រកបដោយភាពម្ចាស់ការ ម៉ឺងម៉ាត់ និងចាស់ទុំរបស់គណបក្សប្រជាជនកម្ពុជាក្នុងរយៈកាលកន្លងមកនេះ។
ក្នុងក្របខ័ណ្ឌនៃក្រុមការងារគណបក្សចុះជួយខេត្ត លោក ហ៊ុន ម៉ានី សូមកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ដល់លោក លោកស្រី ជាក្រុមការងារគណបក្ស និងមន្រ្តីគណបក្សគ្រប់ជាន់ថ្នាក់ ក្រោមការដឹកនាំពីសំណាក់លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ ដែលបានចូលរួមយ៉ាងសកម្ម លះបង់អស់កម្លាំងកាយ ចិត្ត និងធនធាន ដើម្បីបំពេញបេសកកម្មជូនគណបក្សជាបន្តបន្ទាប់មកនេះ។
ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា ជ័យជម្នះដ៏ត្រចះត្រចង់នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ជាពិសេសក្នុងខេត្តកំពង់ស្ពឺ ពិតណាស់គឺជាការរួមចំណែកយ៉ាងធំធេងពីសមាជិក សមាជិកាក្រុមការងារគ្រប់រូប ក្នុងរយៈកាលកន្លងមកនេះ ដែលទទួលបាននូវការផ្តល់នូវទំនុកចិត្ត ជំនឿជាក់ និងក្តីស្រលាញ់ពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្ត៕