(កំពង់ឆ្នាំង)៖ កុមារីអាយុ៥ឆ្នាំម្នាក់ បានប្រកាច់ស្លាប់ភ្លាមៗ បន្ទាប់ពីគ្រូពេទ្យនៅតាមមូលដ្ឋាន បានចាក់ថ្នាំចំនួនពីរម្ជុល ដោយសារតែនាងមានអាការៈក្អក និងក្តៅខ្លួនបន្តិចបន្តួចតែប៉ុណ្ណោះ។
កុមារីរងគ្រោះខាងនេះនាងមាន ឈ្មោះ គឹម ចាន់តី អាយុ៥ឆ្នាំ មានទីលំនៅក្នុងភូមិចំបក់ប្រាសាទ ឃុំគ្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ នាងបានស្លាប់បន្ទាប់ពីឪពុក ម្ដាយបានដឹកយកនាងទៅព្យាបាល នៅផ្ទះគ្រូពេទ្យឯកជនម្នាក់ ស្ថិតក្នុងភូមិផ្លូវគោ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ។
លោក យឹម សុផល អធិការរងទទួលផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៣ថា ករណីនេះកើតឡើងតាំងពីល្ងា ចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣មកម៉្លេះ លោកទើបតែទទួលបានព័ត៌មាននៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយសារតែឪពុកម្ដាយជនរងគ្រោះទើបតែបានរាយការណ៍មកប៉ុស្តិ៍រដ្ឋបាល កាលពីល្ងាចថ្ងៃទី២៣ ខែកក្កដា។
លោកបានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើនេះ បើតាមព័ត៌មានដែលលោកទទួលបាន គឺដំបូងឡើយឪពុកម្ដាយកុមារីរងគ្រោះបានយកកុមារីរងគ្រោះមកព្យាបាលនៅផ្ទះគ្រូពេទ្យឯកជនម្នាក់ឈ្មោះ ហូ ថុង ភេទស្រី អាយុ ៤៥ឆ្នាំមានទីលំនៅក្នុងភូមិផ្លូវគោ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ។
បន្ទាប់ពីគ្រូពេទ្យបានចាក់ថ្នាំនៅលើភ្លៅទាំងសងខាងរបស់កុមារីរងគ្រោះ ចំនួន២ម្ជុលរួចមក ធ្វើឱ្យកុមារីរងគ្រោះមានអាការះស្លរឈាមភ្លាមៗ ពេលឃើញដូច្នេះគ្រូពេទ្យរូបនោះក៏បានដាក់សេរ៉ូមមួយកំប្លោក ហើយឱ្យឪពុកម្ដាយដឹកកុមារីរងគ្រោះតាមម៉ូតូបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីធ្វើការសង្គ្រោះបន្ទាន់។
លោកបានបញ្ជាក់បន្ថែមឲ្យដឹងទៀតថា ឆ្លងតាមការពិនិត្យស្រាវជ្រាវឃើញថា គ្រូពេទ្យឯកជនម្នាក់នេះធ្លាប់ធ្វើការព្យាបាលនៅក្នុងមូលដ្ឋានជាយូរឆ្នាំមកហើយ ដោយមិនមានច្បាប់អនុញ្ញាតពីមន្ទីរ ឬក្រសួងសុខាភិបាលនោះទេ នឹងក៏មិនបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈផ្នែកពេទ្យនោះដែរ។
មកដល់ពេលនេះគ្រូពេទ្យខាងលើនេះ ក៏បានរត់គេចខ្លួនចេញពីមូលដ្ឋានកាលពីព្រឹកមិញដោយមិនដឹងថាគាត់ ទៅពួនសម្ងំលាក់ខ្លួននៅទីណានោះទេ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវជាបន្ត តែករណីនេះដែរ លោកនឹងកំពុងកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី។
លោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ក៏បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅល្ងាចថ្ងៃទី២៤ ខែកក្កដាថា ករណីកុមារីខាងលើនេះ គឺពិតជាបានបញ្ជូនមកកាន់ មន្ទីរពេទ្យបង្អែកខេត្តពិតមែន តែមុននិងមកដល់មន្ទីរពេទ្យ កុមារីនោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ក្រុមគ្រូពេទ្យបានជួយធ្វើការសង្គ្រោះដោយអស់ពីលទ្ធភាពដែរ តែមិនអាចជួយសង្គ្រោះបាន។ ខណៈនោះដែរលោកក៏បានចាត់ឱ្យរថយន្តរបស់មន្ទីរពេទ្យជួយដឹកសពកុមារីរងគ្រោះត្រឡប់ទៅលំនៅ ឋានវិញដោយមិនគិតសេវាអ្វីឡើយ។
លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ក៏បានប្រាប់បណ្ដាញព័ត៌មាន Fresh New ឲ្យដឹងផងដែរថា ករណីនេះលោកទើបតែបានទទួលព័ត៌មានកាលពីព្រឹកមិញ ហើយលោកនឹងធ្វើការស្រាវជ្រាវដោយយកចិត្តទុក ដាក់។ បើរកឃើញថា គ្រូពេទ្យម្នាក់នោះមិនមានសញ្ញាបត្របញ្ជាក់វិជ្ជាជីវៈពេទ្យ គឺវាជាកំហុសឆ្គងផ្នែកវិជ្ជាជីវៈពេទ្យ ហេតុនេះមិនត្រឹមតែជនរងគ្រោះជាអ្នកប្ដឹងប៉ុណ្ណោះទេ សូម្បីតែមន្ទីរសុខាភិបាលក៏អាចមានសិទ្ធិប្ដឹងចំពោះបុគ្គលខា ងលើនេះផងដែរ៕