(កំពង់ធំ)៖ លោក សំហេង បូរ៉ា ជាយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ចុះជួយឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានថ្លែងថា មូលហេតុចម្បងមួយដែលនាំឱ្យប្រជាពលរដ្ឋគាំទ្រភ្លូកទឹកភ្លូកដី មកលើបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត់គោរពស្រឡាញ់ និងជឿជាក់ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បេក្ខជននាយករដ្ឋមន្ត្រី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីថ្ងៃអនាគត។
លោក សំហេង បូរ៉ា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ បានថ្លែងថា តាមលទ្ធផលបឋម នៃការរាប់សន្លឹកឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ជាមូលដ្ឋានរបស់លោកចុះពង្រឹង គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះ ទាំង១០ការិយាល័យតែម្តង មានសម្លេងគាំទ្រ សរុប ២,៣៣៥ ស្មើរនិង ៧២.៧៩% ដោយមានប្រជាពលរដ្ឋមក បោះឆ្នោតសរុប ៧៦% និង សន្លឹកឆ្នោតមិនបានការត្រឹមតែ ៣% តែប៉ុណ្ណោះ។
លោក សំហេង បូរ៉ា បានឲ្យដឹងទៀតថា លទ្ធផលដ៏ប្រសើរខាងលើនោះ គឺដោយសារមានការចង្អុលបង្ហាញពីលោក ជា ចាន់តូ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងលោក យឹម លាត ជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក តែងតែផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ឲ្យចុះជួបប្រជាពលរដ្ឋជាប្រចាំដោយមិនប្រកាន់និន្នាការបក្សនយោបាយឡើយ សំខាន់គឺចុះជួយដោះស្រាយបញ្ហា ប្រឈមជាក់ស្តែងជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា។
ហេតុដូច្នេះហើយ ទើបព្រឹត្តិការណ៍ថ្មីមួយ ដែលគណបក្សប្រជាជនកម្ពុជាឃុំផាន់ញើម បានទទួលការគាំទ្រភ្លូកទឹក ភ្លូកដី បើធៀបនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅ៕