(ភ្នំពេញ)៖ លោក Andrey Maximov ប្រធានគណៈកម្មការនៃសភាពលរដ្ឋនៃសហព័ន្ធរុស្ស៉ី ស្តីពីការអភិវឌ្ឍន៍ដែនដី បរិស្ថានទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធ បានថ្លែងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ របស់កម្ពុជា បានប្រព្រឹត្តទៅដោយសុវត្ថិភាព និងវិជ្ជាជីវៈ គ្មានសញ្ញានៃការគំរាមកំហែងនោះឡើយ។

លោក Andrey Maximov ប្រធានក្រុមអ្នកសង្កេតការណ៍រុស្ស៉ីថ្លែងបែបនេះ ក្នុងឱកាសអ្នកសង្កេតការណ៍អន្តរជាតិ ធ្វើសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលនៃការសង្កេតការណ៍ ទូទៅជុំវិញដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅតាមមណ្ឌលបោះឆ្នោត និងការសន្និដ្ឋានទូទៅរបស់ពួកគាត់ ដែលរៀបចំដោយវេទិកាសម្ព័ន្ធសង្គមស៉ីវិល (វ.ស.ស.) នៅសណ្ឋាគារ ហៃយ៉ាត់។

លោក Andrey Maximov បានបញ្ជាក់យ៉ាងដូច្នេះថា «យើងមិនបានឃើញសញ្ញាណាមួយនៃការគំរាមកំហែង។ យើងចង់សម្តែងថា ការបោះឆ្នោតនេះធ្វើឡើងដោយសុវត្ថិភាព និងមានវិជ្ជាជីវៈ និងមានការគិតគូរដ៏ល្អ។ យើងឃើញថា ដំណើរការល្អ»

ជាមួយគ្នានេះដែរ លោក Andrey Maximov បានផ្តល់អនុសាសន៍ឲ្យកម្ពុជា រៀបចំការបោះឆ្នោតអនឡាញ​ (E-vote) ដើម្បីអ្នករស់នៅបរទេសបានបោះឆ្នោត។

ពេលឆ្លើយសំណួរអ្នកសារព័ត៌មាន ប្រធានក្រុមអ្នកសង្កេតការណ៍រុស្ស៉ី បានថ្លែងទៀតថា E-vote ជួយឲ្យប្រជាពលរដ្ឋជាច្រើន បានទៅបោះឆ្នោត។ តាមបទពិសោធន៍របស់រុស្ស៉ី គឺប្រទេសនេះមានប្រជាពលរដ្ឋជាច្រើន ហើយយន្តការ E-vote បានជួយប្រជាជនទាំងនោះ បានបោះឆ្នោតដែរ។ លោកអះអាងថា នៅប្រទេសអាស៊ានមួយចំនួន ដាក់ឲ្យដំណើរការ E-vote រួចហើយ។

លោក Andrey Maximov បានបន្ថែមថា អនុសាសន៍នេះមិនមែនជាការបង្ខំឲ្យកម្ពុជា យកយន្តការនេះទេ គ្រាន់តែចង់ឃើញថា អ្នករស់នៅក្រៅស្រុក បានបោះឆ្នោត។ លោកបន្តថា បើសិនជា គជប របស់កម្ពុជា ដាក់សំណើទៅគណៈកម្មាធិការរៀបចំការបោះឆ្នោត របស់រុស្ស៉ី គឺរុស្ស៉ីអាចនឹងជួយរៀបចំ E-vote ព្រោះនេះជាកិច្ចសហការ ហើយលោកយល់ថា រុស្ស៉ីពិតជាមានឆន្ទៈក្នុងការជួយកម្ពុជាមិត្ត។

យោងតាមព័ត៌មានពីគ្រប់អភិបាលខេត្ត-រាជធានីទូទាំងប្រទេស បានប្រាប់បណ្តាញព័ត៌មាន Fresh News និងបង្ហាញលទ្ធផលក្រៅផ្លូវការឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប អាចគ្រប់គ្រង ១២០អាសនៈ គណបក្សហ៊្វុនស៉ិនប៉ិច ទទួលបាន ៥អាសនៈ។

មានប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណជាង ៨៤.៥៨ភាគរយបានទៅបោះឆ្នោត ក្នុងចំណោម​ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត៕