(ភ្នំពេញ)៖ ស្ដ្រីឈ្មោះ ឡេង សុវណ្ណ ដែលមានឈ្មោះក្នុងបញ្ជីចូលរួមញុះញង់បំផ្លាញ ការបោះឆ្នោតជាមួយទណ្ឌិត សម រង្ស៉ី តាមរយៈគ្រុប Telegram «Sabai សប្បាយ» នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញមកសារភាពកំហុស និងសុំការយោគយល់ សន្តោសប្រណីពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ស្ដ្រី ឡេង សុវណ្ណ មានអាយុ៤២ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះលេខ៣៦ ផ្លូវលេខ៦០៨z ភូមិ១៧សង្កាត់បឹងកក់២ ខណ្ឌទួលគោក បានចូលមកនគរបាលប៉ុស្តិ៏បឹងកក់ទី២ ដើម្បីសារភាពកំហុស អំពីការភ្ជាប់បណ្តាញសង្គម Telegram .sbai សប្បាយ ដែលគៀងគរគូសសន្លឹកឆ្នោតចោល តាមការញុះញង់របស់ទណ្ឌិត សម រង្ស៊ី។
សូមជម្រាបថា បន្ទាប់ពីស្រាវជ្រាវលើករណីញុះញង់ បំផ្លាញការបោះឆ្នោត ដែលរៀបចំដោយទណ្ឌិត សម រង្ស៉ី, គិតត្រឹមយប់ថ្ងៃទី២៣ ខែកក្កដាម្សិលមិញ សមត្ថកិច្ចជំនាញ បានកំណត់ច្បាស់លាស់នូវមុខសញ្ញា ដែលធ្វើសកម្មភាពញុះញង់បំផ្លាញ ការបោះឆ្នោតជាមួយទណ្ឌិត សម រង្ស៉ី តាមរយៈគ្រុបតេឡេក្រាម «Sabai សប្បាយ» បានចំនួន ៤៤នាក់ ដែលអ្នកទាំងនោះ ប្រឈមនឹងការផ្តន្ទាទោសតាមច្បាប់ និងការផាកពិន័យជាប្រាក់។
សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានប្រកាសប្រាប់សមាជិកក្រុមប្រឆាំងមួយចំនួន ក្នុងគ្រុបតេឡេក្រាម «Sabai សប្បាយ» ដែលបានគូសខ្វែងសន្លឹកឆ្នោត ហើយផ្ញើទៅកាន់មេរបស់ខ្លួននៅបារីស ចេញមុខសារភាព មុនពេលដែលវិធានការច្បាប់ត្រូវបានប្រកាន់យក៕