(បាត់ដំបង)៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៦ នៅមុខប្រាសាទបាណន់ ក្នុងឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង លោក គឹម សន្តិភាព ប្រធានក្រុមការងាររៀបចំ អង្គការចាត់តាំងយុវជនប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់, លោកឧកញ៉ា ហួរ ហាប់ ប្រធានក្រុមការងាររៀបចំ អង្គការចាត់តាំងយុវជនខ្មែរទីក្រុងស៊ីតនី ប្រទេសអូស្ត្រាលី និងលោក សុខ វាសនា ប្រធានក្រុមការងារថ្នាក់ជាតិ ជួយឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង បានធ្វើការសម្របសម្រួលជូនលោក វណ្ណៈ សណ្តោស អ៉ឹម តំណាងក្រុមការងារយុវជនខ្មែរ រស់នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នាំយកនូវសម្ភារៈមួយចំនួន ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន១០០០ គ្រួសារ រស់នៅក្នុងឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។
សម្ភារៈដែលត្រូវចែកជូនប្រជាពលរដ្ឋ ក្នុងមួយគ្រួសារទទួលបាន អង្ករ១០គីឡូក្រាម ទឹកត្រី ០១យួរ និងថ្នាំពេទ្យបារ៉ាមេក ចំនួន០៥បន្ទះ។ ក្នុងឱកាសនោះ លោក សុខ វាសនា ក្នុងនាមក្រុមការងារថ្នាក់ជាតិឃុំកន្ទឺ២ បានថ្លែងនូវការកោតសរសើរ និងអំណរគុណ ចំពោះក្រុមការងារយុវជនខ្មែររស់នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងចម្ងាយផ្លូវរាប់សិបគីឡូម៉ែត្រ នាំមកអំណោយសម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រ នៅឃុំកន្ទឺ២ នាពេលនេះ។ នេះសរបញ្ជាក់ឲ្យឃើញពីស្មារតីសាមគ្គីគ្នា និងស្រលាញ់គ្នារវាងខ្មែរ និងខ្មែរ និងស្របតាមវប្បធម៌ចែករំលែកផងដែរ៕