(ភ្នំពេញ)៖ លោកស្រី ជូ ហ្គួយជឺ (Zhu Guije) អគ្គនាយិការងនៃបណ្តាញអង្គការក្រៅរដ្ឋាភិបាលរបស់ប្រទេសចិន សម្រាប់ការផ្លាស់ប្តូរអន្តរជាតិ (CNIE) បានថ្លែងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ របស់កម្ពុជា បានប្រកាន់ខ្ជាប់នូវស្តង់ដារអន្តរជាតិ មានសនិ្តភាព តម្លាភាព និងបរិយាប័ន្ន។

លោកស្រីថ្លែងបែបនេះ ក្នុងឱកាសអ្នកសង្កេតការណ៍អន្តរជាតិ ធ្វើសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលនៃការសង្កេតការណ៍ ទូទៅជុំវិញដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅតាមមណ្ឌលបោះឆ្នោត និងការសន្និដ្ឋានទូទៅរបស់ពួកគាត់ ដែលរៀបចំដោយវេទិកាសម្ព័ន្ធសង្គមស៉ីវិល (វ.ស.ស.) នៅសណ្ឋាគារ ហៃយ៉ាត់ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។

លោកស្រី ជូ ហ្គួយជឺ ដែលដឹកនាំគណៈប្រតិភូមកសង្កេតការណ៍បោះឆ្នោតជាតិ ឆ្នាំ២០២៣ របស់កម្ពុជា បានឲ្យដឹងថា គណៈប្រតិ CNIE កាលពីម្សិលមិញ បានចុះពិនិត្យតាំងពីព្រលឹម ដោយបានចុះពិនិត្យការិយាល័យបោះឆ្នោតមួយចំនួន។ មុនការបោះឆ្នោត មុនការបោះឆ្នោត ហិបឆ្នោតគឺទទេស្អាត។

លោកស្រី មើលឃើញថា មានអ្នកបោះឆ្នោតយ៉ាងច្រើន ហើយប្រជាពលរដ្ឋបានបោះឆ្នោតដោយសម្ងាត់ និងតម្លាភាព។ ក្នុងនាមជាអ្នកសង្កេតការណ៍អន្តរជាតិ លោកស្រីមើលឃើញថា ពលរដ្ឋកម្ពុជាសាទរយ៉ាងខ្លាំង ក្នុងការបោះឆ្នោតនេះ។

លោកស្រី ជូ បានបញ្ជាក់បន្តថា ស្ត្រី មានកូនតូច និងមនុស្សចាស់ ទៅបោះឆ្នោត បានបង្កើតបាននូវបរិយាកាសអំណោយផល ដែលធ្វើឲ្យការបោះឆ្នោត ប្រកបដោយភាពជោគជ័យ។ លោកស្រី ក៏បានកោតសរសើរ វិជ្ជាជីវៈរបស់មន្ត្រី គជប ហើយថ្លែងដែរថា កម្ពុជាមានប្រជាជនរីករាយរាក់ទាក់ និងរីករាយចំពោះសន្តិភាពទូទាំងប្រទេស។

លោកស្រីអគ្គនាយិការង បានបន្តទៀតថា ប្រទេសកម្ពុជា និងបណ្តាប្រទេសអាស៉ី មានយុវជនជាច្រើនបានចូលរួម ក្នុងការចូលរួមលើកស្ទួយប្រជាធិបតេយ្យ និងកសាងសង្គមមួយ ដោយភាពត្រឹមត្រូវ។ ការបោះឆ្នោតរបស់កម្ពុជា ប្រកាន់ខ្ជាប់នូវស្តង់ដារអន្តរជាតិ មានសនិ្តភាព តម្លាភាព និងបរិយាប័ន្ន ហើយលោកស្រីបានអបអរសាទរ ការបោះឆ្នោតដ៏ជោគជ័យជាប្រវត្តិសាស្ត្រ។

យោងតាមព័ត៌មានពីគ្រប់អភិបាលខេត្ត-រាជធានីទូទាំងប្រទេស បានប្រាប់បណ្តាញព័ត៌មាន Fresh News និងបង្ហាញលទ្ធផលក្រៅផ្លូវការឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប អាចគ្រប់គ្រង ១២០អាសនៈ គណបក្សហ៊្វុនស៉ិនប៉ិច ទទួលបាន ៥អាសនៈ។

មានប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណជាង ៨៤.៥៨ភាគរយបានទៅបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត៕