(ភ្នំពេញ)៖ លោក គង់ សុទ្ធារិទ្ធិ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងមិត្តភក្តិ បាននាំយកដើមឈើចំនួន ១៤១ដើម ជូនលោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ ដាំតាមបុរាណដ្ឋាន ដែលស្ថិតក្នុងភូមិសាស្រ្តខេត្ត ស្រមតាមព្រះរាជបន្ទូលដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងអនុវត្តតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

ក្នុងសកម្មភាពដែលធ្វើឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ លោក គង់ សុទ្ធារិទ្ធិ បានថ្លែងថា ការដាំកូនឈើ បើគិតជាបរិមាណគឺតិចតួចណាស់ ប៉ុន្តែបើគិតទៅលើអត្ថន័យ គឺមានទំហំធំធេងមិនអាចកាត់ថ្លៃបាន ពីព្រោះវាបានបណ្តុះគំនិតឱ្យកុមារាកុមារីបានឃើញ យកគំរូតាម និងចូលរួមថែទាំសម្បត្តិព្រៃឈើ ដែលផ្តើមចេញពីការដាំនៅផ្ទះ សាលារៀន សហគមន៍ និងរហូតឈានដល់ពាសពេញប្រទេសជាតិយើងទាំងមូលតែម្តង។

ការដាំដើមឈើ គឺជាចំណែកមួយនៃការចូលរួមថែរក្សាសម្បត្តិព្រៃឈើជាតិ ស្របតាមព្រះរាជបន្ទូលដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងប្រសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការដាំ​ដើម​ឈើ ដើម្បីផ្តល់នូវគម្របបៃតង និងទ្រទ្រង់ដល់បរិស្ថាន។ កម្ពុជាតែងបានរៀបចំនូវ «រុក្ខទិវា» នាថ្ងៃទី៩ ខែកក្កដា ជារៀងរាល់ឆ្នាំ ដើម្បីបំផុសស្មារតីដាំដើមឈើ និងការពារការកាប់បំផ្លាញព្រៃឈើ។ «រុក្ខទិវា» តែងប្រារព្ធធ្វើឡើងក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រ។

របាយការណ៍បានបង្ហាញថា គិតចាប់ពីឆ្នាំ១៩៩២ មកដល់ឆ្នាំ២០២៣ តាមរយៈ «រុក្ខទិវា» បង្កើតបានសួនរុក្ខទិវា ៤៦២ហិកតា ហើយបង្កើតជាចម្ការឈើជាង ៨ម៉ឺនហិកតា៕