(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រមូលចំណូលថ្លៃជួល តូប ស្ដង់ នៅផ្សារដើមគរ សម្រាប់អាណត្ដិ១០ឆ្នាំបន្ដ គិតចាប់ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០៣១។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។

យោងតាមសំណូមពររបស់អាជីវករលក់ដូរ នៅផ្សារដើមគរសំណើសុំបង់ថ្លៃអាណត្តិថ្មី ដោយរក្សាតម្លៃចាស់កាលពីឆ្នាំ២០១១ (១០ឆ្នាំមុន) និងសុំបន្តសុពលភាពប័ណ្ណថ្មី រហូតដល់ឆ្នាំ២០៣១ (ចាប់ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០៣១) រដ្ឋបាលរាជធានីភ្នំពេញ សូមឯកភាពតាមសំណូមពរ។

ដើម្បីរួមចំណែកស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរាជធានីភ្នំពេញ ឲ្យបានល្អប្រសើរថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្ដើមធ្វើការប្រមូលចំណូលថ្លៃជួល តូប ស្តង់ នៅផ្សារដើមគរ សម្រាប់អាណត្តិ ១០ឆ្នាំបន្តទៀត ដោយគិតចាប់ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០៣១។

ទន្ទឹមនឹងនេះ គណៈកម្មការប្រមូលចំណូលថ្លៃជួល តូប ស្តង់ នឹងចាប់ផ្តើមធ្វើការទទួលប្រាក់ ពីបងប្អូនអាជីវករចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ រៀងរាល់ម៉ោងធ្វើការ នៅទីស្នាក់ការគណៈកម្មការផ្សារដើមគរ តាមរយៈគណនីលេខ ០០១០០០១៤៩៤៨៦៧ នៅធនាគារកាណាឌីយ៍ ក.អ.អ និងសូមយកប័ណ្ណកាន់កាប់ តូប ស្តង់ ចាស់ ដែលអស់សុពលភាពមក ប្តូរយកប័ណ្ណ កាន់កាប់តូបស្តង់ថ្មី។

ករណីហួសកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញ ចាត់ទុកថា បងប្អូនអាជីវករបោះបង់សិទ្ធិកាន់កាប់តូប ស្តង់ របស់ខ្លួនដែលកំពុងប្រកបអាជីវកម្មបច្ចុប្បន្ន។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមថា បងប្អូនអាជីវករទាំងអស់ ចូលរូមបង់ចំណូលថ្លៃជួល តូប ស្តង់ ស្របតាមសំណូមពររបស់ខ្លួន ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍរាជធានីភ្នំពេញ ឲ្យបានរីកចម្រើនថែមទៀត តាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានខ្លឹមសារទាំងស្រុង៖