(ភ្នំពេញ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូឃ្មុំ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះគ្រប់ភាគីពាក់ព័ន្ធដែលបានយកអស់កម្លាំងកាយ ចិត្ត ខិតខំប្រឹងប្រែង បំពេញភារកិច្ចប្រកបដោយស្មារតីម្ចាស់ការ ក្នុងបុព្វហេតុចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ជូនប្រជាពលរដ្ឋនៅតាមបណ្តាការិយាល័យបោះឆ្នោតទាំង ១,៣២១ការិយាល័យ ធានាបានដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងស្ថិតក្រោមបរិយាកាសស្ងប់ស្ងាត់សុខសន្តិភាព សណ្តាប់ធ្នាប់ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង ឬបាតុភាពណាមួយកើតឡើងនោះឡើយដែលនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់អំពីប្រព័ន្ធបោះឆ្នោត និងដំណើរការនៃការបោះឆ្នោតនៅប្រទេសកម្ពុជាបានគោរពតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស មានលក្ខណៈជាសកល សេរី ត្រឹមត្រូវតម្លាភាព និងយុត្តិធម៌។
ឆ្លៀតក្នុងឱកាសដ៏រំភើបរីករាយនេះ លោក ជាម ច័ន្ទសោភ័ណ បានថ្លែងថា «ខ្ញុំសូមសម្ដែងនូវមនោសញ្ចេតនាស្រឡាញ់យ៉ាងស្មោះស្ម័គ្រ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះកងកម្លាំងមានសមត្ថកិច្ច មន្ត្រីរាជការស៊ីវិល គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងខេត្តត្បូងឃ្មុំ ដែលអញ្ជើញទៅបោះឆ្នោតគ្រប់ៗគ្នា ដើម្បីអនុវត្តសិទ្ធិ និងករណីកិច្ចជាពលរដ្ឋខ្មែរ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា សំដៅ រួមចំណែកអភិវឌ្ឍក្នុងមូលដ្ឋានឃុំ-សង្កាត់ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើន សម្បូរសប្បាយ រុងរឿងជានិរន្តរ៍»៕
ខាងក្រោមនេះជាលិខិតថ្លែងអំណរគុណរបស់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ៖