(ភ្នំពេញ)៖ សមាគមបណ្តាញប្រជាជនកម្ពុជា (សបប) នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដោយបានប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ តម្លាភាព សេរី និងយុត្តិធម៌ ព្រមទាំងមានសណ្តាប់ធ្នាប់ល្អ។
ក្នុងសេចក្ដីថ្លែងការណ៍ សមាគមបណ្តាញប្រជាជនកម្ពុជាបានបញ្ជាក់ថា ក្នុងដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយទទួលបានការអនុញ្ញាតពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សមាគមបណ្តាញប្រជាជនកម្ពុជា (សបប) បានបញ្ជូនបុគ្គលិក ទៅចូលរួមក្នុងការសង្កេតការណ៍បោះឆ្នោត ក្នុងនាមជាអ្នកសង្កេតការណ៍ជាតិ នៅតាមមណ្ឌលបោះឆ្នោត និងការិយាល័យបោះឆ្នោតនានាតាមរាជធានី/ខេត្ត។
សមាគមបណ្តាញប្រជាជនកម្ពុជាបានបន្តថា ដោយឈរលើមូលដ្ឋានឯករាជ្យ ប្រជាធិបតេយ្យ និងអព្យាក្រឹត្យ ក្រុមអ្នកសង្កេតការណ៍ជាតិរបស់សមាគមបណ្ដាញប្រជាជនកម្ពុជា បានសង្កេតឃើញថា៖
១. ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣នេះ មានគណបក្សនយោបាយចំនួន១៨ បានចូលរួមប្រកួតប្រជែង។ អង្គបោះឆ្នោតបានចូលរួមបោះឆ្នោតដោយសេរី ប្រកបដោយទឹកមុខសប្បាយរីករាយ និងឆន្ទៈគាំទ្រគណបក្សនយោបាយ ដែលខ្លួនពេញចិត្តតាមរយៈសន្លឹកឆ្នោត។
២. បរិយាកាសទូទៅទាំងមុនថ្ងៃបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត មានសភាពស្ងប់ស្ងាត់ល្អ គ្មានការបង្ខិតបង្ខំ និងគ្មានអំពើហិង្សា។ លើសពីនោះការរាប់សន្លឹកឆ្នោតបានប្រព្រឹត្តទៅដោយរលូន ដោយមានការចូលរួមពិនិត្យ និងឃ្លាំមើលដោយអ្នកសង្កេតការណ៍ជាតិ/អន្តរជាតិ និងភ្នាក់ងារសង្កេតការណ៍របស់គណបក្សនយោបាយប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈ។
៣. យោងតាមតួលេខបឋម ប្រជាពលរដ្ឋកម្ពុជាបានចូលរួមបោះឆ្នោតប្រមាណ៨,២១៣,២៦០នាក់ ស្មើនឹង៨៤.៥៨% ដែលជាចំនួនខ្ពស់បំផុតធៀបនឹងការបោះឆ្នោតនៅតាមបណ្តាប្រទេសប្រជាធិបតេយ្យជាច្រើននៅជុំវិញពិភពលោក។ តួលេខនេះ បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាមានភាពចាស់ទុំផ្នែកនយោបាយ និងការយល់ដឹងខ្ពស់ក្នុងការចូលរួមបោះឆ្នោត ដើម្បីបញ្ចេញឆន្ទៈ និងជ្រើសរើសថ្នាក់ដឹកនាំប្រទេសដែលខ្លួនពេញចិត្ត និងមានទំនុកចិត្ត។
ក្រុមអ្នកសង្កេតការណ៍នៃសមាគមបណ្តាញប្រជាជនកម្ពុជាបានសន្និដ្ឋាន និងវាយតម្លៃខ្ពស់ចំពោះដំណើរការនៃការបោះឆ្នោតនេះដែលបានប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ តម្លាភាព សេរី និងយុត្តិធម៌ ព្រមទាំងមានសណ្តាប់ធ្នាប់ល្អ និងប្រកាសគាំទ្រលើកិច្ចដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលជាស្ថាប័នឯករាជ្យ៕