(កែប)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានថ្លែងអំណរគុណប្រជាពលរដ្ឋច្រើនលើសលុបដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧។
តាមបណ្ដាញព័ត៌មាន Fresh News លោក សោម ពិសិដ្ឋ បានអះអាងថា ប្រជាពលរដ្ឋខេត្តកែបទាំងអស់ ដែលបាននាំគ្នាចេញទៅបោះឆ្នោតនៅយ៉ាងច្រើនកុះករមានរហូតដល់ ៩១.៩៣% និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដីរហូតដល់ ៨៧.២៣% (លទ្ធផលបឋម)។
លោកអភិបាលខេត្តបានរៀបរាប់យ៉ាងដូច្នេះថា៖
«ក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់សូមគោរពកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមការងារគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋខេត្តកែបទាំងអស់ ដែលបាននាំគ្នាចេញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះយ៉ាងច្រើនកុះករមានរហូតដល់ ៩១.៩៣ % និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដីរហូតដល់ ៨៧.២៣%(លទ្ធផលបឋម) បើទោះបីជាមានភ្លៀងធ្លាក់រលឹមស្រិចៗយ៉ាងណាក៏ដោយ ដែលចំនួននេះមានច្រើនជាងចំនួនអ្នកទៅបោះឆ្នោតជាតិឆ្នាំ២០១៨ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ សម្រាប់មូលដ្ឋានខេត្តកែប។
ការអញ្ញើញទៅបោះឆ្នោតដ៏ច្រើនលើសលប់នេះ ឆ្លុះបញ្ចាំងពីការបំពេញកាតព្វកិច្ច និងការអនុវត្តសិទ្ធិជាពលរដ្ឋតាមបែបលទ្ធិប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតជ្រើសរើសគណបក្សដែលខ្លួនស្រឡាញ់ពេញចិត្ត ជឿទុកចិត្តបានដើម្បីដឹកនាំប្រទេសឲ្យមានសន្តិភាព និងការអភិវឌ្ឍឲ្យកាន់តែរុងរឿងសម្បូរសប្បាយថែមទៀត។
ខ្ញុំសូមគោរពជូនពរ លោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋខេត្តកែបទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមលោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនទាំងអស់ទទួលនូវការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅនិងស្មោះស្ម័គ្របំផុតពីខ្ញុំបាទ»៕