(ភ្នំពេញ)៖ សមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍ គាំទ្រ និងទទួលយកលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដោយឈរលើមូលដ្ឋានឯករាជ្យ ប្រជាធិបតេយ្យ និងអព្យាក្រឹត្យ។
តាមរយៈសេចក្តីថ្លែងការណ៍ សមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម បានសង្កេតឃើញថា៖ «នៅមុនម៉ោងនៃការិយាល័យបោះឆ្នោត យើងបានពិនិត្យឃើញគ្រប់គណបក្សនយោបាយ និងអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ បានបញ្ជូនភ្នាក់ងាររបស់ខ្លួនដើម្បីពិនិត្យផ្ទៀងផ្ទាត់មើលហិបបោះឆ្នោត ទឹកខ្មៅជ្រលក់ដៃ សន្លឹកឆ្នោតដែលត្រូវប្រើប្រាស់ក្នុងការិយាល័យ រាល់ការពិនិត្យគ្រប់ជ្រុងជ្រោយតាមនីតិវិធី បានការឯកភាពគ្នាហើយទើបអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលទៅបោះឆ្នោតបាន។ ប្រជាពលរដ្ឋបានរួសរាន់មកកាន់ការិយាល័យរបស់ពួកគាត់ អ្នកខ្លះក៏បានអញ្ជើញទៅមុនម៉ោងយ៉ាងច្រើនកុះករ ដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឌ បញ្ជាក់ឱ្យឃើញថាពួកគាត់បានសម្រេចចិត្តយ៉ាងច្បាស់លាស់ទុកជាមុនស្រេចហើយ សម្រាប់ការជ្រើសរើសរកគណបក្សនយោបាយណាមួយដែលពួកគាត់ពេញចិត្ត»។
សមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម បានបញ្ជាក់ថា មានគណបក្សនយោបាយចំនួន១៨ បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ។ ដំណើរការបោះឆ្នោតចាប់តាំងពីដំណើរការដំបូង រហូតដល់ចប់ការបោះឆ្នោត គឺប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាសនយោបាយល្អ គ្មានការគំរាមកំហែង បង្ខិតបង្ខំ ដោយមានប្រជាពលរដ្ឋចូលរួមបញ្ចេញនូវឆន្ទៈរបស់ខ្លួនយ៉ាងច្រើនកុះករ។ កិច្ចដំណើរការនៃការរាប់សន្លឹកឆ្នោត គឺប្រព្រឹត្តទៅដោយសុក្រឹត និងតម្លាភាពក្រោមវត្តមានរបស់ ភ្នាក់ងារគណបក្សនយោបាយនីមួយៗ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងអ្នកសារព័ត៌មាន ដើម្បីពិនិត្យ ឃ្លាំមើល និងតវ៉ាក្នុងករណីមានភាពមិនប្រក្រតីណាមួយកើតឡើង។
តាមការពិនិត្យជាក់ស្ដែងនៅទូទាំងប្រទេស សមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម សូមធ្វើការវាយតម្លៃខ្ពស់ចំពោះដំណើរការបោះឆ្នោតលើកនេះ ដែលកាន់តែប្រព្រឹត្តទៅយ៉ាងរលូន ត្រឹមត្រូវ តម្លាភាព សេរី និងយុត្តិធម៌ ដែលអាចទទួលយកបាន និងសូមប្រកាសគាំទ្រកិច្ចដំណើរការនៃការបោះឆ្នោតដែលរៀបចំឡើងដោយ គ.ជ.ប. ដែលជាស្ថាប័នឯករាជ្យ ចាប់ពីដំណាក់កាលដំបូង ដល់ការប្រកាសលទ្ធផលនៃការបោះឆ្នោត។
ទន្ទឹមនឹងនេះដែរ សមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គម សូមចូលរួមអបអរសាទរ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលត្រូវបានប្រជាពលរដ្ឋទូទាំងប្រទេសបោះឆ្នោតគាំទ្រលើសលប់ រហូតទទួលបានអាសនៈ ១២០ នៃរដ្ឋសភាជាតិ នីតិកាលទី៧ ដើម្បីបង្កើតរាជរដ្ឋាភិបាលដឹកនាំប្រទេស សម្រាប់រយៈពេល៥ឆ្នាំ តទៅមុខទៀត។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា មានប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណ ៨ ២១៣ ២៦០នាក់ ស្មើនឹង ៨៤.៥៨ភាគរយបានទៅបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩ ៧១០ ៦៥៥នាក់ (១០០%)។
សម្រាប់លទ្ធផលការបែងចែកអាសនៈក្រៅផ្លូវការ ដែលទទួលបានពីគ្រប់អភិបាលខេត្ត-រាជធានីទូទាំងប្រទេស បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប អាចគ្រប់គ្រង ១២០អាសនៈ ខណៈគណបក្សហ៊្វុនស៉ិនប៉ិច ទទួលបាន៥អាសនៈ ដែលមាននៅរាជធានីភ្នំពេញ ១អាសនៈ, ខេត្តកំពង់ចាម ១អាសនៈ ខេត្តកំពង់ធំ ១អាសនៈ ខេត្តកណ្តាល ១អាសនៈ និងខេត្តព្រៃវែង ១អាសនៈ៕