(ភ្នំពេញ)៖ សហភាពអង្គការសង្គមស៊ីវិល នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍ គាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
សហភាពអង្គការសង្គមស៊ីវិល បានមើលឃើញថាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានប្រព្រឹត្តទៅស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងប្រកបដោយលក្ខណៈសេរីត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងការគំរាមកំហែង។ ស្របពេលនេះដែរមានក្រុមជ្រុលនិយមមួយចំនួនព្យាយាមក្នុងការរារាំង ដើម្បីមិនឱ្យប្រជាជនទៅធ្វើការបោះឆ្នោត ឬទៅគូសបំផ្លាញសន្លឹកឆ្នោតចោល ប៉ុន្តែជាលទ្ធផលដែលទទួលបានពី របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ជាបណ្តោះអាសន្ន ចំនួនប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតមានរហូតទៅដល់ចំនួន ៨,១៧៧,០៥៣ នាក់ ស្មើនឹង ៨៤,២១% ហើយអាចនឹងមានការកើនឡើងថែមទៀត បើប្រៀបធៀបទៅនឹងការបោះឆ្នោត ឃុំ/សង្កាត់ ឆ្នាំ២០២២ ដែលមានប្រជាជនចេញទៅបោះឆ្នោតចំនួន ៦,៩៥៦,៩០០នាក់ ស្មើនឹង ចំនួន ៨០,៣២% ក្នុងខណៈពេលនោះមាន គណបក្សភ្លើងទៀន ចូលរួមជាគណបក្សនយោបាយ ឃើញថាមានអាត្រាខុសគ្នា។
ស្របពេលនឹងមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ មានមេញុះញង់គឺ លោក សម រង្ស៉ី ដែលមានការដឹកនាំពីខាងក្រៅបានអំពាវនាវ និងបានញុះញង់ ឱ្យប្រជាជនកុំទៅបោះឆ្នោត និងទៅគូសសន្លឹកឆ្នោតចោល ប៉ុន្តែផ្ទុយទៅវិញមានប្រជាពលរដ្ឋទៅបោះឆ្នោតច្រើនលើសលប់រហូតដល់ជាង ៨៤% ចំណុចទាំងនេះយើងអាចសន្និដ្ឋានបានថា ប្រជាពលរដ្ឋគឺបានចូលរួមនូវចលនាប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងច្បាស់ ប្រជាពលរដ្ឋពិតជាចង់ទទួលបាននូវសេចក្តីសុខសេចក្តីចម្រើន កាអភិវឌ្ឍន៍ជាមួយនឹងដំបូលសន្តិភាពដែលកំពុងមាន។
សហភាពអង្គការសង្គមស៊ីវិល សូមគាំទ្រនូវលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) និងសូមគាំទ្រនូវសារសំឡេងរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងន័យដែលតែងតែអនុគ្រោះអធ្យាស័្រយ លើកលែងកំហុស ដល់បុគ្គលដែលបានប្រព្រឹត្តខុស និងសូមអំពាវនាវដល់ក្រុមជ្រុលនិយមដែលតែងតែជឿទៅតាមការញុះញង់របស់ លោក សម រង្ស៊ី ដែលព្យាយាមក្នុងការរារាំង ដើម្បីមិនឱ្យប្រជាជនទៅធ្វើការបោះឆ្នោត ឬទៅគូសបំផ្លាញសន្លឹកឆ្នោតចោល ដែលអំពើនេះជាបទល្មើសដែលត្រូវផ្តន្ទាទោសតាមច្បាប់ និងជាអំពើបំផ្លាញនូវគោលការណ៍ប្រជាធិបតេយ្យរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ ហើយសូមអំពាវនាវដល់ជនដែលប្រព្រឹត្តកំហុសខាងលើមកសារភាពជាមួយអាជ្ញាធរ និងជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដើម្បីចៀសវាងនូវវិធានការផ្លូវច្បាប់។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា មានប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណ ៨ ២១៣ ២៦០នាក់ ស្មើនឹង ៨៤.៥៨ភាគរយបានទៅបោះឆ្នោត ក្នុងចំណោម ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩ ៧១០ ៦៥៥នាក់ (១០០%)។
សម្រាប់លទ្ធផលការបែងចែកអាសនៈក្រៅផ្លូវការ ដែលទទួលបានពីគ្រប់អភិបាលខេត្ត-រាជធានីទូទាំងប្រទេស បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប អាចគ្រប់គ្រង ១២០អាសនៈ ខណៈគណបក្សហ៊្វុនស៉ិនប៉ិច ទទួលបាន៥អាសនៈ ដែលមាននៅរាជធានីភ្នំពេញ ១អាសនៈ, ខេត្តកំពង់ចាម ១អាសនៈ ខេត្តកំពង់ធំ ១អាសនៈ ខេត្តកណ្តាល ១អាសនៈ និងខេត្តព្រៃវែង ១អាសនៈ៕