(ភ្នំពេញ)៖ បណ្តុំអង្គការសង្គមស៊ីវិល រួមទាំងបណ្តាញអង្គការសមាគមនានា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍រួម សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលនៃការបោះឆ្នោតសម្រាប់នីតិកាលទី៧ ឆ្នាំ២០២៣ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានចេញសេចក្ដីប្រកាសលទ្ធផលបណ្តោះអាសន្នកាលពីព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ហើយដែលបង្ហាញថាគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់គួរជាទីមោទន។
តាមរយៈសេចក្តីថ្លែងការណ៍រួម បណ្តុំអង្គការសង្គមស៊ីវិល សង្កេតឃើញថា៖ «ដំណើរការ ក៏ដូចជាការប្រកាសលទ្ធផលពិតជាមានតម្លាភាព សេរី យុត្តិធម៌ ត្រឹមត្រូវ ប្រជាធិបតេយ្យពិតប្រាកដ ពុំមានការបង្ខិតបង្ខំ គាបសង្កត់ បំភិតបំភ័យ គឺបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប បានទៅបោះឆ្នោត ដោយទឹកមុខញញឹម ពេញចិត្តនិងសប្បាយរីករាយទាំងអស់គ្នា។
យ៉ាងណាម៉ិញ យើងខ្ញុំចូលរួមថ្កោលទោសដល់ក្រុមនិន្នាការប្រឆាំង ពិសេសអតីតមេបក្សប្រឆាំងទណ្ឌិត សម រង្ស៊ី និងបក្សពួកដែលបានរត់ភៀសខ្លួននៅក្រៅប្រទេសដែលបានញុះញង់ឱ្យប្រជាពលរដ្ឋធ្វើសកម្មភាពខុសច្បាស់ ពិសេសការគូសខ្វែងសន្លឹកឆ្នោត ផ្ទុយទៅវិញ អ្វីដែលក្រុមប្រឆាំងបានកំពុងតែធ្វើនោះគឺមិនត្រឹមមិនបានផលទេ ថែមទាំងធ្វើឱ្យសន្លឹកឆ្នោតមិនមានការថយចុះទៅវិញបើប្រៀបធៀបនឹងការបោះឆ្នោតនីតិកាលទី៧ ឆ្នាំ២០២៣ មានសន្លឹកឆ្នោតមិនបានការចំនួនជាង ៤៤ម៉ឺនសន្លឹកប៉ុណ្ណោះ ដែលចំនួននេះតិចជាងចំនួននេះតិចជាងចំនួនសន្លឹកឆ្នោតមិនបានការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលមានចំនួនរហូតដល់ ៥៩៤,៦៥៩សន្លឹក ទិន្នន័យនេះចេញដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត គជប»។
បណ្តុំអង្គការសង្គមស៊ីវិល បានបញ្ជាក់ថា ដើម្បីរក្សាបាននូវតម្លៃដ៏មហាសាលនេះ បណ្តុំអង្គការសង្គមស៊ីវិល រួមទាំងបណ្តាញយុវជននានា សូមធ្វើការប្រកាសគាំទ្រចំពោះលទ្ធផលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចេញប្រកាសលទ្ធផលណ្តោះអាសន្ន និងសូមចូលរួមអបអរសាទ ក៏ដូចជាមានការពេញចិត្ត ចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលប់ ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសលើការបោះឆ្នោតថ្នាក់ជាតិនេះ។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា មានប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណ ៨ ២១៣ ២៦០នាក់ ស្មើនឹង ៨៤.៥៨ភាគរយបានទៅបោះឆ្នោត ក្នុងចំណោម ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩ ៧១០ ៦៥៥នាក់ (១០០%)។
សម្រាប់លទ្ធផលការបែងចែកអាសនៈក្រៅផ្លូវការ ដែលទទួលបានពីគ្រប់អភិបាលខេត្ត-រាជធានីទូទាំងប្រទេស បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប អាចគ្រប់គ្រង ១២០អាសនៈ ខណៈគណបក្សហ៊្វុនស៉ិនប៉ិច ទទួលបាន៥អាសនៈ ដែលមាននៅរាជធានីភ្នំពេញ ១អាសនៈ, ខេត្តកំពង់ចាម ១អាសនៈ ខេត្តកំពង់ធំ ១អាសនៈ ខេត្តកណ្តាល ១អាសនៈ និងខេត្តព្រៃវែង ១អាសនៈ៕