(ភ្នំពេញ)៖ ក្រោយពីបានបញ្ចប់ដោយជោគជ័យនូវបេសកកម្មសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២០៣ នៅកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ លោក បណ្ឌិត កៅ គឹមហួន លេខាធិការដ្ឋានអាស៊ាន និងគណៈប្រតិភូអគ្គលេខាធិការអាស៊ាន បានវាយតម្លៃជារួមថាដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយសន្តិវិធី មានសណ្តាប់ធ្នាប់ និងគ្មានអំពើហិង្សា។
បន្ថែមពីនេះ លោក បណ្ឌិត កៅ គឹមហួន ក៏បានបញ្ចេញសារតាមរយៈគេហទំព័ររបស់លេខាធិការដ្ឋានអាស៊ាន ដូចខាងក្រោម៖
តបតាមការអញ្ជើញរបស់លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន អមដំណើរដោយមន្ត្រីលេខាធិការដ្ឋានអាស៊ាន បានចូលរួមក្នុងបេសកកម្មសង្កេតការណ៍ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានប្រព្រឹត្តទៅនាថ្ងៃអាទិត្យទី ២៣ ខែកក្កដា ឆ្នាំ២០២៣។ ការបោះឆ្នោតនេះ ត្រូវបានរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ក្នុងអំឡុងពេលបេសកកម្មនេះ លោកបណ្ឌិត កៅ គឹមហួន និងមន្ត្រីលេខាធិការដ្ឋានអាស៊ាន បានសង្កេតការណ៍ព្រឹត្តិការណ៍សំខាន់ៗ នៅក្នុងដំណើរការបោះឆ្នោត រួមទាំង យុទ្ធនាការបោះឆ្នោត ការបើក និងបិទស្ថានីយ៍បោះឆ្នោត និងការបោះឆ្នោតនៅក្នុងស្ថានីយ៍បោះឆ្នោតផ្សេងៗ ជាដើម។
នៅថ្ងៃទី២១ ខែកក្កដា ដែលជាថ្ងៃចុងក្រោយនៃយុទ្ធនាការបោះឆ្នោត ក្រុមការងារលេខាធិការដ្ឋានអាស៊ាន បានសង្កេតការណ៍ការធ្វើយុទ្ធនាការដោយគណបក្សនយោបាយផ្សេងៗ នៅខណ្ឌចំការមន, ខណ្ឌមានជ័យ និងខណ្ឌសង្កាត់សែនសុខ។ ទោះបីជាមានភ្លៀងធ្លាក់រាយប៉ាយក៏ដោយ ក៏ប្រជាជនដែលបានចូលរួមក្នុងយុទ្ធនាការបោះឆ្នោត បង្ហាញពីអារម្មណ៍រំភើបរីករាយ ហើយគណបក្សនយោបាយដែលបានរៀបចំ និងហែក្បួនយុទ្ធនាការបោះឆ្នោត បានចង្អុលបង្ហាញពីលំហប្រជាធិបតេយ្យដែលផ្តល់ឱ្យគ្រប់គណបក្សទាំងអស់។
នៅថ្ងៃទី២៣ ខែកក្កដា ដែលជាថ្ងៃបោះឆ្នោត បណ្ឌិត កៅ គឹមហួន និងក្រុមការងារបានសង្កេតការណ៍ការបើកស្ថានីយ៍បោះឆ្នោត ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតនៅក្នុងស្ថានីយ៍បោះឆ្នោតមួយចំនួន នៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តកណ្តាល។ នៅក្នុងស្ថានីយ៍បោះឆ្នោតដែលបានធ្វើការសង្កេតការណ៍នោះអ្នកបោះឆ្នោតឈររង់ចាំជាជួរដ៏វែង ដែលបង្ហាញពីឆន្ទៈ និងការចូលរួមយ៉ាងសកម្មរបស់ប្រជាជនកម្ពុជា នៅក្នុងដំណើរការនយោបាយ និងប្រជាធិបតេយ្យ ជាពិសេស ការប្រើប្រាស់សិទ្ធិ និងការប្តេជ្ញាចិត្តដើម្បីជ្រើសរើសមេដឹកនាំរបស់ពួកគេ។
សម្រាប់ការបោះឆ្នោតពហុគណបក្សឆ្នាំ២០២៣នេះ គណបក្សនយោបាយចំនួន១៨ បានប្រកួតប្រជែងសម្រាប់កៅអីសភា ចំនួន ១២៥ កៅអី ដែលជាសភាជាន់ទាបរបស់កម្ពុជា។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា មានអ្នកបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៩,៧លាននាក់ សម្រាប់ការបោះឆ្នោតលើកនេះ ហើយបើយោងតាមលទ្ធផលបឋមពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ចំនួនអ្នកចូលរួមបោះឆ្នោតមានចំនួន ៨៤,៥៨% នៅទូទាំងស្ថានីយ៍បោះឆ្នោតចំនួន ២៣,៧៨៩ នៅទូទាំងប្រទេស។
ប្រទេសកម្ពុជា បាននឹងកំពុងរៀបចំការបោះឆ្នោតជាទៀងទាត់ចាប់តាំងពីឆ្នាំ១៩៩៣ អនុលោមតាមច្បាប់បោះឆ្នោតជាតិរបស់ខ្លួន។ លោកបណ្ឌិត កៅ គឹមហួន បានមានប្រសាសន៍ចំពោះបេសកកម្មបោះឆ្នោតលើកនេះថា «យើងពិតជាថ្លែងអំណរគុណសម្រាប់ឱកាសបានចូលរួមសង្កេតការណ៍ដោយផ្ទាល់នូវដំណើរការប្រជាធិបតេយ្យដែលកំពុងបន្ត របស់កម្ពុជាសម័យទំនើប ហើយរីករាយសូមអបអរសាទរគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់ភាពប្រកបដោយវិជ្ជាជីវៈ និងសមត្ថភាព ព្រមទាំងសូមអបអរសាទរប្រជាជនកម្ពុជា សម្រាប់ការចូលរួមចំណែកយ៉ាងសកម្ម និងប្រកបដោយឆន្ទៈនៅក្នុងការបោះឆ្នោតពហុគណបក្សនេះ»។
ដើម្បីរក្សាតម្លាភាពនៃការបោះឆ្នោត លេខាធិការដ្ឋានអាស៊ាន គឺស្ថិតក្នុងចំណោមប្រទេស និងអង្គការអន្តរជាតិជាង ៦៥ ដែលត្រូវបានអញ្ជើញដោយប្រទេសកម្ពុជា មកសង្កេតការណ៍ក្នុងការបោះឆ្នោតសកលឆ្នាំនេះ។ យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បុគ្គលជាង ៥០០នាក់ មកពីបរទេស ត្រូវបានទទួលស្គាល់ជាផ្លូវការជាអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ។ បន្ថែមលើនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាននិយាយថា មានអ្នកសង្កេតការណ៍ជាតិ ចំនួន ៨៩,៥៦២រូប មកពី១៣៤ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានចូលរួមក្នុងការសង្កេតការណ៍បោះឆ្នោតនេះផងដែរ។
នេះគឺជាបេសកកម្មសង្កេតការណ៍បោះឆ្នោតលើកទី៦ ហើយ ដែលលេខាធិការដ្ឋានអាស៊ាន បានចូលរួម តបតាមសំណើរបស់ប្រទេសសមាជិកអាស៊ាន និងដៃគូសន្ទនា។ អាស៊ានគោរពយ៉ាងពេញលេញនូវអធិបតេយ្យភាព ឯករាជ្យភាពផ្នែកនយោបាយ និងបូរណភាពទឹកដី របស់ប្រទេសសមាជិកអាស៊ាន៕