(ភ្នំពេញ)៖ បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ បានបញ្ចប់ ដោយមានការចូលរួមសង្កេតមើលពីអ្នកសង្កេការណ៍ការបោះឆ្នោតជាតិ និងអន្តរជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំកម្មវិធីសង្ខេបព្រឹត្តការណ៍នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ជាមួយក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ ដែលត្រូវបានអញ្ជើញដោយ គ.ជ.ប កម្ពុជា។
កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក នុត សុខុម អនុប្រធាន គ.ជ.ប នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។
នាឱកាសនោះដែរលោក នុត សុខុម បានធ្វើការសង្ខេបព្រឹត្តការណ៍នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ថា ការិយាល័យបោះឆ្នោតទាំង ២៣.៧៨៩ បានបើកដំណើរការ និងប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក មិនមានការពន្យារពេល ឬរាំងស្ទះអ្វីឡើយ។ ឯកឧត្តមបានឱ្យដឹងដែរថា ការបោះឆ្នោតនេះ អ្នកដែលបានទៅបោះឆ្នោតមានចំនួន ៨,២១៣,២៦០នាក់ ដែលស្មើនឹង ៨៤.៥៨% នៃអ្នកបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២។
មន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ បានបញ្ជាក់ថា ការបោះឆ្នោតនេះផងដែរ មានបរិយាកាសល្អប្រសើរ មិនមានអំពើហឹង្សា ឬភាពមិនប្រក្រតីណាមួយដែលរារាំង ដល់ការបោះឆ្នោតនោះទេ។
នៅក្នុងថ្ងៃនេះផងដែរ ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ ដែលត្រូវបានអញ្ជើញដោយ គជប កម្ពុជា ដើម្បីចូលរួមក្នុងការសង្កេតមើលការបោះឆ្នោតបានថ្លែងចំណាប់អារម្មណ៍ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ថាបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕