(ភ្នំពេញ)៖ តាមរយៈសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ អ្នកសង្កេតការណ៍អន្ដរជាតិស្ទើរគ្រប់ស្ថាប័នដែលចូលរួមសង្កេតការណ៍ បានអះអាងថា ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដាម្សិលមិញ មានភាពត្រឹមត្រូវស្របតាមច្បាប់។
អ្នកសង្កេតការណ៍ទាំងអស់ បានគូសបញ្ជាក់ដូចៗគ្នាថា អត្រាអ្នកទៅបោះឆ្នោតយ៉ាងច្រើនលើសលប់ រហូតដល់ជាង៨៤ភាគរយ នៃអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានបង្ហាញឲ្យឃើញច្បាស់ពីការឲ្យតម្លៃរបស់ប្រជាពលរដ្ឋកម្ពុជា។
លើសពីនេះ ពួកគេបានមើលឃើញពីភាពចាស់ទុំ និងម្ចាស់ការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការរៀបចំដំណើរការបោះឆ្នោតដ៏សំខាន់មួយនេះ នៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យគ្រប់ភាគីគណបក្សនយោបាយ និងប្រជាពលរដ្ឋអាចទទួលយកបាន។ ដោយឡែកស្ថានភាពទូទៅវិញ មិនមានអ្វីគួរឲ្យកត់សម្គាល់ឡើយ ពោលធានាបានសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយយ៉ាងល្អប្រសើរ។
សូមជម្រាបថា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ គ.ជ.ប បានទទួលស្គាល់ និងផ្ដល់បណ្ណសម្គាល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាច្រើនរូប រួមមាន៖
* អ្នកសង្កេតការណ៍ជាតិ មានចំនួនសរុប ៨៩.៥៦២ រូបស្រ្តីចំនួន ៥២.៦៥២ រូប មកពី ១៣៤ សមាគម អង្គការមិនមែនរដ្ឋាភិបាល
* អ្នកសង្កេតការណ៍អន្តរជាតិ មានចំនួនសរុប ៦០៤ រូប មកពី ៦១ ស្ថាប័ន ក្នុងនោះរួមមាន៖
* ប្រតិភូអន្តរជាតិដែលអញ្ជើញដោយក្រសួងការបរទេស និងសហប្រតិបត្តិការ-អន្តរជាតិ ចំនួន ២៦៨ រូប មកពី ២៦ ស្ថាប័ន
* ប្រតិភូអន្តរជាតិដែលអញ្ជើញដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ចំនួន ៦៥ រូប មកពី ១២ ស្ថាប័ន
* ប្រតិភូអន្តរជាតិដែលអញ្ជើញដោយ គ.ជ.ប ចំនួន ២៤ រូប
* អ្នកសង្កេតការណ៍អន្តរជាតិ ដែលស្នើសុំដោយផ្ទាល់មក គ.ជ.ប ចំនួន ៤៧ រូប
* ភ្ញៀវពិសេស ចំនួន ១៨ រូប (អញ្ជើញដោយ គ.ជ.ប ចំនួន ១១ រូប និងស្នើសុំដោយផ្ទាល់មក គ.ជ.ប ចំនួន ៧ រូប)
* អ្នកបកប្រែសម្រាប់អ្នកសង្កេតការណ៍អន្តរជាតិ ចំនួន ១៨២ រូប។
សូមទស្សនាសេចក្ដីរាយការណ៍លម្អិត៖