(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរម្លឹកឡើងវិញអំពីសង្រ្គាមនៅមជ្ឈឹមបូព៌ា ដែលកើតឡើងដោយសារបដិវត្តន៍ពណ៌ ដោយមានការលូកដៃពីបរទេស។ សម្តេចថា សហរដ្ឋអាមេរិក គឺជាអ្នកមានកំហុសក្នុងការធ្វើឱ្យមានសង្រ្គាមនៅមជ្ឈឹមបូព៌ានេះ។
ការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីចែកពានរង្វាន់ដល់យុវជនម្ចាស់ជ័យលាភី នៃកម្មវិធីយុវជនគំរូ លើកទី៦ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦នេះ។ យុវជនទាំងនោះ ត្រូវបានទទួលស្គាល់ជាយុវជនគំរូ ក្នុងការធ្វើអំពើល្អនៅក្នុងសង្គម ហើយទទួលបានការគាំទ្រ ខ្លាំងពីប្រជាពលរដ្ឋនៅលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោ បានលើកឡើងថា «សូមក្រឡេកមើលទៅ មជ្ឈឹមបូព៌ា បន្ទាប់ពីមានការជ្រៀតជ្រែកពីបរទេស បង្កើតឱ្យមានបដិវត្តន៍ពណ៌ ជាពិសេសដូចជា នៅលីប៊ី នៅស៊ីរី នៅយ៉េម៉េន និងនៅអ៊ីរ៉ាក់ ដែលផ្តួលរំល សាដាមហូសេន ដោយអាមេរិក តើអ្នកទាំងនោះបានទទួលសមិទ្ធផលអ្វីទៅ? ក្រោមហេតុផល លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ប៉ុន្តែសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅបណ្តាប្រទេសមជ្ឈឹមបូព៌ា បានកើតជារូបរាងហើយឬនៅ បើ១ថ្ងៃៗ មនុស្សស្លាប់ច្រើនបែបនេះ។ នេះហើយជាលទ្ធផលនៃការធ្វើនយោបាយខុស ហើយអ្នកដែលខុសគឺអាមេរិកកាំងតែម្តង»។
សង្រ្គាមនៅបណ្តាប្រទេសនៅមជ្ឈឹមបូព៌ា បានបន្សល់ទុកនូវទុក្ខវេទនាយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ក្នុងនោះក៏មានវិបត្តិជនភៀសខ្លួនចេញពីប្រទេសទាំងនោះ ទៅកាន់អឺរ៉ុបផងដែរ។ ខណៈដែលសង្រ្គាមវាយកម្ទេចក្រុម ISIS នេះនៅមិនទាន់ចប់នៅឡើយទេ។
សម្តេចតេជោ បានបន្ថែមថា «ឥឡូវសូម្បីដូណាល់ត្រាំ ដែលជាបេក្ខជន នៃគណបក្សសាធារណរដ្ឋ ក៏បានចេញមុខមកអះអាងថា ជាការខុសឆ្គងមួយដែល ចេញមកទម្លាក់ បានត្រឹមតែសម្លាប់ សាដាមហូសេន ទីចុងបំផុតតើអ៊ីរ៉ាក់បានសេចក្តីសុខហើយឬនៅ? ឥឡូវទឹកដីមួយចំនួនពួកក្រុម ISIS កំពុងកាន់កាប់ នៅឡើយទេ រាប់ខែវ៉ៃដណ្តើមកន្លែងនេះកន្លែងនោះ ប៉ុន្តែសួរថានៅបានទៀតឬក៏អត់ ?»។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំពន្យល់ដល់យុវជនកម្ពុជា ធ្វើយ៉ាងណាថែរក្សាសន្តិភាព និងសន្តិសុខ នៅក្នុងប្រទេសកម្ពុជា កុំឱ្យធ្លាក់ដូចប្រទេសនៅមជ្ឈឹមបូព៌ា៕
សូមស្តាប់ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន៖