(ភ្នំពេញ)៖ បុរសម្នាក់ឈ្មោះ សយ ឧត្តម (Soy Otdom) ដែលមានឈ្មោះក្នុងបញ្ជីចូលរួមញុះញង់បំផ្លាញការបោះឆ្នោតជាមួយទណ្ឌិត សម រង្ស៉ី តាមរយៈគ្រុប Telegram «Sabai សប្បាយ» នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញមកសារភាពកំហុស និងសុំការយោគយល់ សន្តោសប្រណីពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក សយ ឧត្តម បានលើកឡើងថា មានជនទី៣ បានយកគណនី Telegram របស់ខ្លួន ទៅបម្រើតាមញុះញង់របស់ទណ្ឌិត សម រង្ស៉ី ដែលជាជនក្បត់ជាតិ ៣ជំនាន់។ លោកសូមទទួលស្គាល់កំហុស ដែលធ្វេសប្រហែសឱ្យជនទី៣ ប្រើប្រាស់ Telegram របស់ខ្លួន។

លោកបានបន្តថា «ខ្ញុំបាទសុំធ្វើការថ្កោលលើទណ្ឌិត សម រង្សី និងសូមការយោគយល់ សន្ដាសប្រោះប្រណី អធ្យាស្រ័យ និងមានការលើកទោស លើកំហុសខុសឆ្គងខាងលើអោយកូនចៅជាប្រជាជនស្លូតត្រង់ផង។ សូមអរគុណ សម្ដេចពុក [សម្តេចតេជោ] មានសន្ដាសប្រណីកូន»

សូមជម្រាបថា បន្ទាប់ពីស្រាវជ្រាវលើករណីញុះញង់ បំផ្លាញការបោះឆ្នោត ដែលរៀបចំដោយទណ្ឌិត សម រង្ស៉ី, គិតត្រឹមយប់ថ្ងៃទី២៣ ខែកក្កដាម្សិលមិញ សមត្ថកិច្ចជំនាញ បានកំណត់ច្បាស់លាស់​នូវមុខសញ្ញា ដែលធ្វើសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោតជាមួយទណ្ឌិត សម រង្ស៉ី តាមរយៈគ្រុបតេឡេក្រាម «Sabai សប្បាយ» បានចំនួន ៤៤នាក់ ដែលអ្នកទាំងនោះប្រឈមនឹងការផ្តន្ទាទោសតាមច្បាប់ និងការផាកពិន័យជាប្រាក់។

សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានប្រកាសប្រាប់សមាជិកក្រុមប្រឆាំងមួយចំនួន ក្នុងគ្រុបតេឡេក្រាម «Sabai សប្បាយ»​ ដែលបានគូសខ្វែងសន្លឹកឆ្នោត ហើយផ្ញើទៅកាន់មេរបស់ខ្លួននៅបារីស ចេញមុខសារភាព មុនពេលដែលវិធានការច្បាប់ត្រូវបានប្រកាន់យក៕