(ភ្នំពេញ)៖ លោក Mohamed Zahid ទីប្រឹក្សាពិសេសសមាគមប្រជាធិបតេយ្យ និងទំនាក់ទំនងការបោះឆ្នោត ដែលជាអ្នកអ្នកសង្កេតការណ៍អន្តរជាតិ បានបង្ហាញក្តីរីករាយដែលពលរដ្ឋកម្ពុជា យកសន្លឹកឆ្នោតជ្រើសរើសមេដឹកនាំ។
លោកទីប្រឹក្សាបង្ហាញក្តីរីករាយបែបនេះ ក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
លោក Mohamed Zahid បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសប្បាយចិត្ត ដែលបានឃើញជាក់ស្តែង ដែលឃើញប្រជាពលរដ្ឋសប្បាយចិត្ត ដែលយកសន្លឹកឆ្នោតជ្រើសរើសមេដឹកនាំរបស់ខ្លួន ដែលនេះបង្ហាញថា ជាតម្លាភាព នៃដំណើរការសម្រាប់ការបោះឆ្នោត»។
លោកបន្តថា Mohamed Zahid លោកបានឃើញ បានតាមដាន ដំណើរការឃោសនា និងដំណើរការបោះឆ្នោត ជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅកម្ពុជា ដោយឃើញមានយុជនចូលរួម ដើម្បីលើកស្ទួយដំណើរការប្រជាធិបតេយ្យ នៅកម្ពុជា។
លោកបានបន្ថែមថា អ្នកបោះឆ្នោត បានឈររង់ចាំបោះឆ្នោត ដោយភាពរីករាយ។ លោកសូមអរគុណ គជប ដែលរៀបចំដោយល្អ ដោយត្រឹមត្រូវ សេរី និងយុត្តិធម៌ ប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។
ពេលឆ្លើយតបនឹងសំណួរ លោកMohamed Zahid បន្ថែមថា «យើងថា ពិតជាសេរីភាព និងយុត្តិធម៌មែន។ គ្រប់ប្រទេសនីមួយៗ មានច្បាប់របស់គេ ដោយការអនុវត្តប្រជាធិបតេយ្យ។ ថ្ងៃនេះ មានគណបក្ស ១៨ បានចូលរួម ប្រកួតប្រជែង។ មានគណបក្ស ដែលមិនបានចូលរួមបោះឆ្នោត លើកឡើងពីបញ្ហា ប៉ុន្តែត្រូវដឹងថា ប្រទេសមួយមានច្បាប់របស់គេ បើអ្នកឯងមិនគោរព គឺមានបញ្ហា។ ការបោះឆ្នោតថ្ងៃនេះ ឃើញពីការរីកចម្រើនប្រជាធិបតេយ្យ នៅកម្ពុជា»។
លោក Mohamed Zahid បានថ្លែងទៀតថា ការបោះឆ្នោតនៅកម្ពុជា គ្មានអំពើហិង្សានោះទេ។ យើងបានឃើញបែបនេះ។
មុនពេលមកដល់កម្ពុជា លោកគិតថា ដំណើរការបោះឆ្នោតមិនល្អទេ ដោយសារអានព័ត៌មានបំភ្លៃ។ តែពេលមកដល់ភ្ញាក់ផ្អើលណាស់ ដោយសារខុសពីអ្វីដែលព័ត៌មានបាននិយាយ។
លោកបន្តថា ប្រជាជនកម្ពុជា មានភាពសកម្មណាស់។ តាមការយល់ដឹងរបស់លោក រាជរដ្ឋាភិបាល និងគោលនយោបាយ ប្រកបដោយបរិយាប័ន្ន កំពុងតែដំណើរការ ដោយបើកទាំងសិទ្ធិនយោបាយ និងសិទ្ធិសេដ្ឋកិច្ច៕
ខាងក្រោមនេះ ជាវីដេអូ៖