(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវជាថ្មី ឱ្យយុវជន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ជៀសវាងនូវពាក្យជេរប្រមាថ ដែលនាំឱ្យប៉ះពាល់ដល់អ្នកដទៃ។
ការអំពាវនាវនេះ បានធ្វើឡើងនៅក្នុងការធ្វើបឋកថាមួយ ក្នុងពិធីចែកពានរង្វាន់ដល់យុវជនម្ចាស់ជ័យលាភី នៃកម្មវិធីយុវជនគំរូ លើកទី៦ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦នេះ។ យុវជនទាំងនោះ ត្រូវបានទទួលស្គាល់ជាយុវជនគំរូ ក្នុងការធ្វើអំពើល្អនៅក្នុងសង្គម ហើយទទួលបានការគាំទ្រខ្លាំងពីប្រជាពលរដ្ឋនៅលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន។
នៅក្នុងសន្ទរកថា រយៈពេលជាង២ម៉ោង សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់យុវជន ដែលកំពុងប្រើប្រាស់បច្ចេកវិទ្យា ឱ្យជៀសវាងនូវការជេរប្រមាថ ហើយប្រើប្រាស់ដើម្បីប្រយោជន៍សង្គម។ សម្តេចថា «ខ្ញុំពិតជាចង់ឱ្យយុវជនរបស់យើង ប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យានេះ បម្រើឱ្យសង្គមពិតៗ ជាងការជេរប្រទិចផ្តាសានៅតាមរយៈ Facebook គឺអាក្រក់ពេកហើយ ។ ខ្ញុំសូមអំពាវនាវដល់អ្នកដែលចូលលេង នៅក្នុង Facebook របស់ខ្ញុំ មេត្តារក្សាគុណធម៌ និងតម្លៃរបស់ខ្លួន តើវាមានផលចំណេញអ្វីទៅ ដែលចូលមកជេរប្រទិចផ្តាសាគ្នានោះ»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដែលត្រឹមត្រូវ នឹងធ្វើឱ្យប្រទេសជាតិមានការរីកចំរើន ហើយថា យោបល់ល្អរបស់យុវជន សម្តេចនឹងទទួលយក។
សូមបញ្ជាក់ថា នៅក្នុងពិធីប្រគល់ពានរង្វាន់នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងមន្រ្តីរាជការស្វែងយល់ទាំងអស់គ្នា អំពីបច្ចេកវិទ្យាព័ត៌មានវិទ្យាផងដែរ៕