(ភ្នំពេញ)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន អញ្ជើញត្រឡប់ទៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី វិញហើយ បន្ទាប់ពីមកចូលរួមសង្កេតការណ៍បោះឆ្នោតសកល នៅប្រទេសកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣។
គួរឱ្យដឹងថា សម្រាប់ដំណើរបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ មានគណៈប្រតិភូជាអ្នកសង្កេការណ៍អន្តរជាតិប្រមាណជាង៤០០នាក់ មកពី៦៥-៧០ប្រទេស និងស្ថាប័ន។
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិទាំងនោះ មានមួយចំនួន ជាឥស្សរជនជាន់ខ្ពស់ នៃប្រទេសជាមិត្ត ក្នុងនោះមានដូចជា ប្រធានសភា ប្រទេសម៉ាឡេស៉ី នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋហ្គីណេប៊ីស្សូ អតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតប្រធាន អនុប្រធានរដ្ឋសភា រួមទាំងប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃផងដែរ។
សូមបញ្ជាក់ថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត បានធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញ ដោយមានគណបក្សចំនួន១៨ ចូលរួមប្រកួតប្រជែង។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា មានប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណ ៨ ២១៣ ២៦០នាក់ ស្មើនឹង ៨៤.៥៨ភាគរយបានទៅបោះឆ្នោត ក្នុងចំណោម ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩ ៧១០ ៦៥៥នាក់ (១០០%)។
សម្រាប់លទ្ធផលការបែងចែកអាសនៈក្រៅផ្លូវការ ដែលទទួលបានពីគ្រប់អភិបាលខេត្ត-រាជធានីទូទាំងប្រទេស បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប អាចគ្រប់គ្រង ១២០អាសនៈ ខណៈគណបក្សហ៊្វុនស៉ិនប៉ិច ទទួលបាន៥អាសនៈ ដែលមាននៅរាជធានីភ្នំពេញ ១អាសនៈ, ខេត្តកំពង់ចាម ១អាសនៈ ខេត្តកំពង់ធំ ១អាសនៈ ខេត្តកណ្តាល ១អាសនៈ និងខេត្តព្រៃវែង ១អាសនៈ៕