(ភ្នំពេញ)៖ អ្នកសង្កេតការណ៍ជាតិ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលនៃការសង្កេតការណ៍ ទូទៅជុំវិញដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅតាមមណ្ឌលបោះឆ្នោត និងការសន្និដ្ឋានទូទៅរបស់ពួកគាត់ ដែលកម្មវិធីសន្និសីទសារព័ត៌មាន រៀបចំដោយវេទិកាសម្ព័ន្ធសង្គមស៉ីវិល (វ.ស.ស.) នៅសណ្ឋាគារ ហៃយ៉ាត់។

តំណាងអង្គការសង្គមស៉ីវិល រួមមាន៖ លោក នង ប៊ុនថេង នាយកអង្គការស្តារ និងអភិវឌ្ឍន៍ជីវភាពគ្រួសារ (ខេត្តកណ្តាល), លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ, លោក ឡិប វុឌ្ឍី ប្រធានអង្គការសហការការពារសម្បត្តិធនធានធម្មជាតិ និងលោកស្រី ប្រុស កឹមសៀក ប្រធានសមាគមនិស្សិតបញ្ញាវន្តកម្ពុជា-អាស៊ាន។

ក្នុងសន្និសីទសារព័ត៌មានរបស់អ្នកសង្កេតការណ៍ជាតិ បានសង្ខេបចំណាប់អារម្មណ៍របស់ខ្លួនថា ការបោះឆ្នោតឆ្នាំ២០២៣ នៅកម្ពុជា បានធ្វើឡើងដោយត្រឹមត្រូវ សេរី យុត្តិធម៌ និងមានតម្លាភាព។

វ.ស.ស. បានសម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិចំនួន ៣៦០នាក់ អញ្ជើញមកពីអង្គការមិនមែនរដ្ឋាភិបាលនិងសមាគមជាតិចំនួន ៩០ (សម្រាប់ ២៥រាជធានី-ខេត្ត) និងអ្នកសង្កេតការណ៍ អន្តរជាតិចំនួន ៥៦នាក់ មកពី ៧ស្ថាប័ន (១០ប្រទេស) ដើម្បីចូលរួមសង្កេតការដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។

លោក កឹម រ័ត្នវិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៉ីវិល ក្នុងនាមជាអ្នកសម្របសម្រួល ក៏បានលើកឡើងថា ក្រោយចំណាប់អារម្មណ៍របស់វាគ្មិនទាំង ៤រូប សុទ្ធតែអះអាងថា ការបោះឆ្នោតគឺត្រឹមត្រូវ សេរី យុត្តិធម៌ មានតម្លាភាព និងប្រព្រឹត្តទៅដោយរលូន ព្រមទាំងមានសណ្តាប់ធ្នាប់។

យោងតាមព័ត៌មានពីគ្រប់អភិបាលខេត្ត-រាជធានីទូទាំងប្រទេស បានប្រាប់បណ្តាញព័ត៌មាន Fresh News និងបង្ហាញលទ្ធផលក្រៅផ្លូវការឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប អាចគ្រប់គ្រង ១២០អាសនៈ គណបក្សហ៊្វុនស៉ិនប៉ិច ទទួលបាន ៥អាសនៈ។

មានប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណជាង ៨៤.៥៨ភាគរយបានទៅបោះឆ្នោត ក្នុងចំណោម​ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត៕