(កំពង់ស្ពឺ)៖ ផ្ទះប្រជាពលរដ្ឋជិត ៦០ខ្នង ខ្លះប៉ើងដំបូល និងខ្លះទៀតដួលរលំទាំងស្រុង ស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវបានខ្យល់កន្រ្តាក់បោកបក់ នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ប៉ុន្តែនៅព្រឹកថ្ងៃនេះអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បាននាំយកអំណោយកាកបាទក្រហមកម្ពុជា យកទៅចែកជូនភ្លាមៗផងដែរ។
នៅចំពោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ស្ថិតនៅក្នុងភូមិស្នោរទី១ សង្កាត់សុព័រទេព ក្រុងច្បារមន អភិបាលខេត្ត បានសម្តែង ការសោកស្តាយជាពន់ពេក ចំពោះករណីដែលកើតឡើងដោយសារគ្រោះធម្មជាតិមួយនេះ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅល្ងាចម្សិលមិញនោះ ខ្យល់គួចយ៉ាងខ្លាំង ដោយបក់បោកយកដំបូល និងផ្ទះទៅស្រស់ៗ ដែលបង្កឱ្យពួកគាត់មានការតក់ស្លុត និងរកកន្លែងសុវត្ថិភាព សឹងតែមិនចង់ទាន់។
សម្រាប់គ្រោះធម្មជាតិទាំងនេះ ថ្នាក់ដឹកនាំកាកបាទក្រហមខេត្តកំពង់ស្ពឺ និងក្រុងច្បារមន បានចុះមកចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ២ភូមិ ដែលរងគ្រោះខាងលើមានភូមិស្នោរទី១ ចំនួន ៥០គ្រួសារ ភូមិរលាំងសង្កែ ៥គ្រួសារ ក្នុងនោះផ្ទះដែលត្រូវខ្យល់គួចបំផ្លាញខ្លាំងដល់ដី និងសឹងតែអស់ផ្ទះរលីងមានចំនួន ៦គ្រួសារផងដែរ។
ហេតុការណ៍ខ្យល់គួចខាងលើនេះ បានបណ្តាលឱ្យមនុស្ស៦អ្នករងរបួស ក្នុងនោះមានក្មេងម្នាក់ផងដែរ។
លោកអភិបាលខេត្ត និងមន្ត្រីគ្រប់ជាន់ថ្នាក់របស់កាកបាទក្រហមខេត្ត បានចែកអំណោយរបស់កាកបាទក្រហមជូនប្រជាពលរដ្ឋដែលរងគ្រោះមាន អង្ករ មុង ភួយ តង់ មី ប្រេងឆា គ្រឿង បរិភោគជាច្រើនមុខ ព្រមទាំងថវិកាមួយចំនួនផងដែរ៕