(ភ្នំពេញ)៖ សៀវភៅកម្រងកំណាព ជីវប្រវត្តិសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលមានចំណងជើងថា «ស្ត្រីឆ្នើមអតីតកសិករកម្ពុជា» ដែលបង្កើតឡើងក្រោមគំនិតផ្តូចផ្តើម និសម្របសម្រួលក្នុងការបោះពុម្ភផ្សាយដោយលោក តាំង កក់ ទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលមានការចូលរួមពី លោក ទុំប៉ែន វីវវិទូ ប្រធានក្រុមស្រាវជ្រាវសៀវភៅកុលាបក្រហមដងទន្លេមេគង្គ និងជានាយកទំនាក់ទំនងសាធារណៈ ព្រមទាំងលោកសាស្ត្រាចារ្យ ទូច គីមស្រ៊ាង ប្រធានសមាគមទ្រទ្រង់អក្សរសាស្រ្ត និងវប្បធម៌ខ្មែរ រួមនិងថ្នាក់ដឹកនាំ កាកបាទក្រហមកម្ពុជា ជាច្រើនរូបទៀតនោះ ត្រូវបានយកមកផ្សព្វផ្សាយជាផ្លូវការ ដែលរៀបចំឡើង នៅសណ្ឋាគារកាំបូឌីយ៉ាណា នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ និងប្រគល់ជូនក្រសួងអប់រំយុវជននិងកីឡា ដើម្បីចែកចាយ បន្តនៅតាមស្ថាប័ន និងគ្រឹះស្ថានសិក្សានានានៅក្នុុងប្រទេសកម្ពុជា។
លោក អៀង ពិសី អ្នកនិពន្ធសៀវភៅកម្រងកំណាព្យ ជីវប្រវត្តិស្ត្រីឆ្នើម «អតីតកសិករកម្ពុជា» បានឲ្យដឹងថា ខ្លឹមសារដែលបានចងក្រង នៅក្នុងសៀវភៅនេះគឺដកស្រង់ពីជីវិតពិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងគ្រាដែលសម្តេចបានតស៊ូលះបង់ទាំងសេចក្តីសុខគ្រប់បែបយ៉ាង និងសាច់ស្រស់ឈាមស្រស់ ដើម្បីជួយជាតិឲ្យរួចផុតពីភ្នក់ភ្លើងសង្គ្រាម ដ៏រន្ធត់កាលពីអតីតកាល។
លុះមកដល់បច្ចុប្បន្ននេះទៀត ការលះបង់របស់សម្តេចដើម្បីជួយជាតិ និងប្រជាជន ក៏នៅតែបន្តយ៉ាងស្វិតស្វាញ ថែមទៀត ដោយបានជួយឧបត្ថម្ភគាំទ្រដល់ប្រជាជន ដែលមានការខ្វះខាតក្នុងជីវភាព និងរងគ្រោះដោយបញ្ហាផ្សេងៗ នៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា។
លោក តាំង កក់ បានបញ្ជាក់ថា អ្វីដែលជាចំណុចចាប់ផ្តើម នៃការរួមសហការចងក្រងសៀវភៅកម្រងកំណាព្យ ជីវប្រវត្តិស្ត្រីឆ្នើមអតីតកសិករកម្ពុុជា គឺដោយាសារលោក បានមើលឃើញពីគំរូវិរភាពដ៏ថ្លៃថ្លានៃការលះបង់សេចក្តីសុខផ្ទាល់ខ្លួន របស់សម្តេចដែលបានលះបង់ពេលវេលាកម្លាំងកាយប្រាជ្ញា ស្មារតី ដើម្បីបម្រើប្រយោជន៍ជូនជាតិ សាសនា ព្រះមហាក្សត្រ ហើយគំរូនេះ ពិតជាថ្លៃថ្លាសម្រាប់កូនចៅខ្មែរ គ្រប់ជំនាន់ដើម្បីឲ្យពួកគេបានសិក្សារៀនសូត្រ យកគំរូតាមនិងរួមចំណែកក្នុងការអភិឌ្ឍន៌កម្ពុជា ឲ្យទទួលបានភាពរីកចំរើនថែមទៀត។
លោកក៏បានជម្រុញដល់សិស្សនិស្សិត និងប្រជាពលរដ្ឋទូទៅ ឲ្យងាកមកចាប់អារម្មណ៍លើការអានសៀវភៅ ឲ្យបានច្រើនពីព្រោះ សៀវភៅគឺជាឃ្លាំងផ្ទុកនូវចំណេះដឹង និងបទពិសោធន៍ជាច្រើន សម្រាប់សិក្សាស្រាវជ្រាវ បង្គើនការយល់ដឹងថែមទៀត។
ក្នុងឱកាសនោះលោកស្រី ទន់ សាអីុម អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានចាត់ទុកស្នាដៃក្នុងការតែងតាំង និពន្ធសៀវភៅកម្រងកំណាព្យជីវប្រវត្តិស្ត្រីឆ្នើម អតីតកសិករកម្ពុជានេះ ថាជាសម្ធិផលដ៏វិសេសវិសាល សម្រាប់ចងក្រងទុកឲ្យកូនខ្មែរជំនាន់ក្រោយយកគំរូតាម។ តាមរយៈប្រវត្តិពិតរបស់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ដែលបានចងក្រងក្នុងសៀវភៅ នេះ គឺបានបង្ហាញឲ្យឃើញ ពីគំរូវីវរភាព ដល់ឧត្តុង្គឧត្តមសម្រាប់ស្ត្រីខ្មែរ យកគំរូតាម ដើម្បីក្លាយខ្លួនជាកូនល្អ និងជាភរិយាដ៏ប្រពៃនៅក្នុុងគ្រួសារ។
គួរបញ្ជាក់ថា កម្រងកំណាព្យជីវប្រវត្តិស្ត្រីឆ្នើម អតីតកសករកម្ពុជា នឹងត្រូវចែកចាយនៅតាមស្ថាប័នគ្រឹះស្ថានសិក្សា និងបណ្ណាល័យនានាទូទាំងប្រទេស។ សៀវភៅកម្រងកំណាព្យនេះ គឺជាចំណងដៃអនុស្សាវរីយ៌ដ៏មានតំលៃនិងមានអត្ថន័យ មិនអាចកាត់ថ្លៃបាន ដែលមានខ្លឹមសាររំលឹកឡើងវិញ អំពីវីរភាពរបស់ សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ទុកជាប្រយោជន៍សម្រាប់អ្នកសិក្សាស្រាវជ្រាវ អក្សរសាស្ត្រប្រវត្តិសាស្ត្រ និងជនរួមជាតិជំនាន់ក្រោយ៕