(បាត់ដំបង)៖ រយៈពេល២ថ្ងៃ ពោលគឺនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦នេះ និងថ្ងៃទី៣០ ខែកក្កដាម្សិលមិញ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា អនុប្រធាន ក្រុមការងារគណបក្សប្រជាជន ចុះជួយស្រុកសង្កែ និងជាប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយឃុំ អន្លង់វិល ឃុំរកា និងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង និងក្រុមការងារបានយកអំណោយដែលជា មូលនិធិរបស់ សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយខេត្តបាត់ដំបង ដល់តាមផ្ទះប្រជាពលរដ្ឋ ដែលក្នុងគ្រួសារមានសមាជិកសម្រាលកូន និង គ្រួសារដែលមានសមាជិកស្លាប់ ស្ថិតនៅក្នុងឃុំ អូរដំបង១ ឃុំរកា និងឃុំអន្លង់វិល១៤២គ្រួសារសរុបថវិកា ៣៧,០០០,០០០រៀល។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ រុន រ័ត្នវាសនា បានព្រមទាំងសហការី ចុះសួរសុខទុក និងបាននាំយកថវិកា និងសម្ភារៈមួយចំនួនជូនដល់ លោក កាន សម្បត្តិ ជាប្រធានក្រុមប្រឹក្សាឃុំរកា និង យ័ន រតនា ជាសកម្មជន គណបក្សប្រជាជនកម្ពុជា ក្នុងឃុំរកា ដែលកំពុងមានជំងឺផងដែរ។
បន្ទាប់មកលោកឧត្តមសេនីយ៍ បានដឹកនាំក្រុមការងារបន្តចុះត្រួតពិនិត្យ ការសាងសង់ទីស្នាក់ការ គណបក្សប្រជាជនឃុំរកា ដែលកំពុងដំណើរការសាងសងជិតរួចរាល់ ជាអំណោយរបស់សម្តេច ក្រឡាហោម ស ខេង និងលោកជំទាវ ស្ថិតនៅក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។
នាក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ បានសំណេះសំណាលសួរសុខទុក្ខជាមួយ បងប្អូនប្រជាពល រដ្ឋរស់នៅក្នុងឃុំទាំង៣ខាងលើ និងបានផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់សម្តេចក្រឡាហោម ស ខេ និងលោកជំទាវ ហើយជានិច្ចជាការ សម្តេចក្រឡាហោម និងលោកជំទាវ តែងតែយកចិត្តទុកដាក់ គិតគូរដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប៕