(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ប្រជាពលរដ្ឋ គណបក្សនយោបាយ ពោលគឺគ្រប់ភាគីពាក់ព័ន្ធសូមបន្តរក្សាភាពស្ងៀមស្ងាត់ ដើម្បីបង្កបរិយាកាសល្អក្រោយពេលបោះឆ្នោត និងរង់ចាំលទ្ធផលបោះឆ្នោតជាផ្លូវការដែលចេញដោយ គ.ជ.ប។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ លោកប្រធាន ប្រាជ្ញ ចន្ទ បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ខណៈលទ្ធផលបឋមទូទាំងប្រទេសបង្ហាញថា អត្រាអ្នកបោះឆ្នោតមាន៨៤.៥៨ភាគរយ ក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតសរុបជិត១០លាននាក់។
លោកប្រធានក៏បានថ្លែងអំណរគុណចំពោះគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ ភ្នាក់ងារសន្តិសុខទាំងអស់ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម និងសហការអនុវត្តតាមតួនាទី ភារកិច្ចរៀងៗខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រួមចំណែកឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង។
លោក ប្រាជ្ញ ចន្ទ បានថ្លែងបន្តថា «ខ្ញុំសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធសូមបន្តរក្សាភាពស្ងៀមស្ងាត់ ដើម្បីបង្កបរិយាកាសល្អក្រោយពេលបោះឆ្នោត និងរង់ចាំលទ្ធផលបោះឆ្នោតជាផ្លូវការដែលចេញដោយ គ.ជ.ប»។
តាមប្រតិទិន គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការ ការបែងចែកអាសនៈ និងការកំណត់បេក្ខជនជាប់ឆ្នោត (តាមករណីគ្មាន ឬមានបណ្ដឹង និងករណីគ្មានការបោះឆ្នោតសាជាថ្មី) នៅថ្ងៃទី៩ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ៕