(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាក់ឲ្យដឹងថា ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅដោយជោគជ័យ និងក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការសរុបព្រឹត្តិការណ៍ទូទៅ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ រៀបចំធ្វើឡើង នាវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

លោកបញ្ជាក់ថា ទោះបីជាមុនថ្ងៃបោះឆ្នោតមានករណីភ្លៀងធ្លាក់ខ្លាំង និងមានករណីអគ្គិភ័យបណ្ដាលឲ្យខូចខាតសម្ភារ ឯកសារបោះឆ្នោតមួយចំនួនក្តី ក៏ការបោះឆ្នោតដំណើរការដោយរលូន។

លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយមានកិច្ចសហការល្អ ពីសំណាក់យន្តការ និងរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ជាមួយ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដំណើរការបោះឆ្នោតបានប្រព្រឹត្ត ទៅដោយជោគជ័យ និងក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង»

ចំពោះសភាពការណ៍សន្តិសុខបោះឆ្នោត គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍នៃការបោះឆ្នោត និង គ.ជ.ប បានដាក់ចេញនូវសេចក្តីណែនាំរួម ស្តីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងយុទ្ធនាការការពារដំណើរការ រៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដើម្បីគ្រប់គ្រងស្ថានការណ៍ និងធានាឲ្យការបោះឆ្នោតដំណើរការរលូនល្អ និងប្រកបដោយសន្តិសុខ និងសុវត្ថិភាព។

ជាមួយគ្នាផងដែរ ក្នុងរយៈពេលមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត មានការញុះញង់តាមបណ្ដាញសង្គមមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ឬឲ្យគូសបំផ្លាញសន្លឹកឆ្នោតចោល។ ករណីនេះ ត្រូវបាន គ.ជ.ប និងភាគីពាក់ព័ន្ធជាច្រើន បានអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកបោះឆ្នោតកុំធ្វើតាមការញុះញង់ខុសច្បាប់ និងសូមឲ្យអញ្ជើញទៅបោះឆ្នោតគ្រប់គ្នា។ បន្ថែមលើនេះ ក៏មានករណីបណ្ដឹងមួយចំនួនដែល គ.ជ.ប នឹងដោះស្រាយតាមច្បាប់។ គ.ជ.ប ក៏បានផ្សព្វផ្សាយអប់រំអំពីគំរូសន្លឹកឆ្នោតមិនបានការ និង Poster អំពីការគូសសញ្ញាគាំទ្រគណបក្សនយោបាយ នៅលើសន្លឹកឆ្នោតផងដែរ។

តួលេខ គ.ជ.ប ដែលចេញផ្សាយនៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ថា អត្រាអ្នកបោះឆ្នោត​បណ្តោះអាសន្ន មានចំនួន ៨ ២១៣ ២៦០នាក់ ស្មើ ៨៤,៥៨% នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។

ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ គ.ជ.ប បានទទួលស្គាល់ និងផ្ដល់បណ្ណសម្គាល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាច្រើនរូប រួមមាន៖ អ្នកសង្កេតការណ៍ជាតិ មានចំនួនសរុប ៨៩.៥៦២នាក់ មកពី ១៣៤ សមាគម អង្គការមិនមែនរដ្ឋាភិបាល និង អ្នកសង្កេតការណ៍អន្តរជាតិ មានចំនួនសរុប ៦០៤ រូប មកពី ៦១ ស្ថាប័ន។ ក្រៅពីអ្នកសង្កេតការណ៍បោះឆ្នោត ភ្នាក់ងារគណបក្សនយោបាយ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើន ចូលរួមតាមដាន សង្កេតមើលដំណើរការបោះឆ្នោតផងដែរ៕