(ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មានស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ គ.ជ.ប បានចំណាយថវិកាអស់ប្រមាណ ៥០លានដុល្លារអាម៉េរិក។
លោកអគ្គលេខាធិការបានបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់ការបោះឆ្នោតនេះ យើងចំណាយច្រើនដែរ សរុបទៅក្នុងដំណាក់កាលបោះឆ្នោតនេះចំណាយអស់ប្រមាណជា៥០លានដុល្លារ»។
លោកបានបន្តថា ប្រសិនបើគិតប្រជាពលរដ្ឋដែលស្ថិតក្នុងបញ្ជីឈ្មោះបោះឆ្នោតរបស់ គ.ជ.ប សរុបប្រមាណជិត១០លាននាក់នេះ គឺអាចនិយាយបានថា អាចចំណាយសម្រាប់ពលរដ្ឋម្នាក់ប្រហែលជាង២ម៉ឺនរៀល។
លោក ទេព នីថា បានបញ្ជាក់ទៀតថា ការចំណាយសំខាន់ៗរបស់ គ.ជ.ប គឺចំណាយទៅលើសម្ភារប្រើប្រាស់សម្រាប់ការបោះឆ្នោតអស់ជាងពាក់កណ្ដាល និងជិតពាក់កណ្ដាលទៀតចំណាយលើប្រាក់កម្រៃរបស់មន្ត្រីបោះឆ្នោតដែលមានចំនួនសរុបជាង១៥ម៉ឺននាក់។ មន្ត្រីបោះឆ្នោតដែលបំពេញការងាររយៈពេលខ្លីមានជាង១៤ម៉ឺន ខណៈមន្ត្រី គ.ជ.ប នៅថ្នាក់ជាតិ និងថ្នាក់រាជធានី/ខេត្តមានជាង១ម៉ឺននាក់ ពួកគេបំពេញការងាររយៈពេលវែងចាប់ពី៣-៨ខែ៕