(ភ្នំពេញ)៖ បើទោះបីមានការចែកចាយនូវរូបភាពសន្លឹកឆ្នោតមិនបានការមួយចំនួនតូច នៅលើបណ្ដាញសង្គមពីសំណាក់ក្រុមជ្រុលនិយមក៏ពិតមែន ប៉ុន្ដែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា សន្លឹកឆ្នោតមិនបានការមួយចំនួននោះ មិនជះឥទ្ធិពល ឬប៉ះពាល់ដល់ដំណើរការបោះឆ្នោតទាំងស្រុងនៅកម្ពុជានោះឡើយ។

នេះបើតាមការគូសបញ្ជាក់របស់ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធសរុបព្រឹត្តិការណ៍ទូទៅ នៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣។

បើទោះបីមិនទាន់ដឹងចំនួនជាក់លាក់ នៃសន្លឹកឆ្នោតបានក៏ពិតមែន ប៉ុន្ដែលោក ទេព នីថា បានលើកឡើងថា ការបោះឆ្នោត គឺរាប់យកសន្លឹកឆ្នោតដែលបានការ ដែលជាសំឡេងបោះគាំទ្ររបស់ប្រជាពលរដ្ឋ ដូច្នេះសន្លឹកឆ្នោតមិនបានការ មិនប៉ះពាល់ដល់ការបោះឆ្នោតឡើយ។

អគ្គលេខាធិការ គ.ជ.ប បានថ្លែងយ៉ាងដូច្នេះថា «ចំពោះសន្លឹកឆ្នោតមិនបានការនេះ យើងពុំទាន់ទទួលបានតួលេខច្បាស់លាស់នៅឡើយទេ ប៉ុន្ដែយើងដឹងថាមាន ហើយជាទូទៅលទ្ធផលនៃការបោះឆ្នោតគិតសន្លឹកឆ្នោតបានការ។ ហើយការបោះឆ្នោតសន្លឹកឆ្នោតបានការ គឺជាសំឡេងបោះឆ្នោតរបស់ប្រជាពលរដ្ឋ អញ្ចឹងបានការប៉ុន្មានគឺបានការជាលទ្ធផល។ សន្លឹកឆ្នោតមិនបានការ មិនប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតនោះទេ»

គួរជម្រាបថា មុនការបោះឆ្នោតឈានមកដល់ អ្នកនយោបាយជ្រុលនិយមមួយក្ដាប់តូចដែលមានមូលដ្ឋាននៅក្រៅប្រទេស បានប្រើប្រាស់គ្រប់វិធីសាស្ដ្រទាំងអស់ ដើម្បីរារាំងដល់ដំណើរការនៃការបោះឆ្នោត និងព្យាយាមញុះញង់បំផុសឲ្យប្រជាពលរដ្ឋដែលទៅបោះឆ្នោត ត្រូវគូសសន្លឹកឆ្នោតចោល។

ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលដំណើរការតាំងពីម៉ោង៧ព្រឹក រហូតបិទបញ្ចប់ទាំងស្រុងនៅវេលាម៉ោង៣សៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ មានជនមួយក្ដាប់តូចបានបង្ហោះចែកចាយនូវសន្លឹកឆ្នោតមិនបានការ ទាំងនៅក្នុងគ្រុបតេលេក្រាម និងនៅលើបណ្ដាញសង្គម Facebook ជាដើម។ ប៉ុន្ដែក្រោយឃើញបាតុភាពនេះ កម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវបន្ទាន់ភ្លាមៗ និងឈានដល់ការកំណត់មុខសញ្ញាបានជាបន្ដបន្ទាប់។

បន្ទាប់ពីស្រាវជ្រាវលើករណីញុះញង់បំផ្លាញការបោះឆ្នោត ដែលរៀបចំដោយទណ្ឌិត សម រង្ស៉ី នៅពេលនេះ សមត្ថកិច្ចជំនាញបានរកឃើញមុខសញ្ញា ដែលធ្វើសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោតជាមួយទណ្ឌិត សម រង្ស៉ី តាមរយៈក្រុមតេលេក្រាម «Sabai សប្បាយ» កើនដល់៤០នាក់ហើយ ដែលអ្នកទាំងនោះប្រឈមនឹងការផ្តន្ទាទោសតាមច្បាប់ និងការផាកពិន័យជាប្រាក់។

សម្ដេចតេជោ ហ៊ុន សែន តាមរយៈសារសំឡេងនៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានព្រមានដល់ជនទាំងអស់នោះ ចំពោះសកម្មភាពខុសច្បាប់របស់ពួកគេ ហើយសម្ដេចបានណែនាំឲ្យជនទាំងនោះ ចេញមកសារភាពទោសកំហុសរបស់ខ្លួន។

ភ្លាមៗ ក្រោយការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន, លោក ឆាយ រ៉ាត់ អតីតក្រុមការងារបណ្ដោះអាសន្នគណបក្សភ្លើងទៀនខេត្តព្រះសីហនុ និងជាអនុប្រធានប្រតិបត្តិគណបក្សភ្លើងទៀនខេត្តព្រះសីហនុ ដែលគូសខ្វែងសន្លឹកឆ្នោតចោល ចេញមកសារភាពទោសកំហុស និងសុំទោសទៅកាន់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយសារភាពល្ងង់ខ្លៅរបស់ខ្លួនជឿតាមការញុះញង់របស់ទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី។

គួរជម្រាបថា រហូតដល់ពេលនេះ អត្រាអ្នកបោះឆ្នោត​បណ្តោះអាសន្ន មានចំនួន មានចំនួន ៨,២១៣,២៦០នាក់ ស្មើ ៨៤,៥៨% នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានទៅបោះឆ្នោត ខណៈ គ.ជ.ប កំពុងបន្តបូកសរុប។ នេះបើយោងតាមតួលេខគិតត្រឹមម៉ោង៦៖២៥នាទី ល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕