(កំពង់ស្ពឺ)៖ ដោយសារទឹកចិត្តស្រឡាញ់គណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន, អ្នកមីង មាស សាត អាយុ៤៦ឆ្នាំ រស់នៅភូមិកន្ទួត ឃុំសង្កែសាទប បានសុំការអនុញ្ញាតចេញពីពេទ្យនៅខេត្តមណ្ឌលគីរី ទាំងជើងឈឺ (ដោយសារគ្រោះថ្នាក់ចរាចរ) ដើម្បីបានមកបោះឆ្នោត នៅខេត្តកំពង់ស្ពឺ ដែលមានទីលំនៅរបស់អ្នកមីង។
តាមរយៈបណ្តាញសង្គម Facebook នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ លោក សុខ ភា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកឱរ៉ាល់ បានបញ្ជាក់ថា «ដោយទឹកចិត្តអាណិតស្រឡាញ់ ខ្ញុំបានដឹកនាំក្រុមការងារចុះសួរសុខទុក្ខបងស្រីដល់ផ្ទះ និងបានយកឡានសង្គ្រោះបន្ទាន់ (អំណោយរបស់អ្នកឧកញ្ញ៉ា លី យ៉ុងផាត់) ដើម្បីដឹកបងស្រីទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងរ៉ាប់រ៉ងរាល់ការចំណាយព្យាបាលទាំងស្រុង»។
តាមរយៈអត្រាអ្នកបោះឆ្នោតបណ្តោះអាសន្ន មកដល់ល្ងាចថ្ងៃទី២៣ ខែកក្កដានេះ មានចំនួន ៨,១៧៧,០៥៣នាក់ ស្មើ ៨៤,២១% នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានទៅបោះឆ្នោត ខណៈគ.ជ.ប កំពុងបន្តបូកសរុប។ នេះបើយោងតាមតួលេខគិតត្រឹមម៉ោង៤៖៣០នាទី រសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
សូមជម្រាបថា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋត្រូវទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ការិយាល័យបោះឆ្នោត ត្រូវកំណត់បើកទ្វារនៅម៉ោង៧៖០០នាទីព្រឹក ហើយបិទបញ្ចប់នៅម៉ោង៣៖០០នាទីរសៀល។
ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨៕