ចូលរួមសំអាតអនាម័យទាំងអស់គ្នា! អភិបាលខេត្តកំពង់ស្ពឺ ដឹកនាំមន្ត្រីរាជការ និងកម្លាំងសមត្ថកិច្ចជាង៥០០នាក់ ដើររើសសំរាម
31-07-2016 11:12
(កំពង់ស្ពឺ)៖ នាឱកាសថ្ងៃសម្រាកព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦នេះ លោក វីុ សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្ត្រីរាជការជុំវិញសាលាខេត្តជាង ៥០០នាក់ ដើររើសសំរាម និងសម្អាតបរិស្ថានក្នុងស្ទឹងព្រែកត្នោត នៃទីរួមខេត្ត។
អភិបាលខេត្តកំពង់ស្ពឺ លោក វីុ សំណាង បានលើកឡើងទាក់ទង និងការសម្អាតបរិស្ថាននាថ្ងៃនេះថា «នេះជាការចូលរួមទាំងគ្នា រាល់ពេលសម្រាកពីបំពេញការងារ តាមអង្គភាពរបស់យើង ហើយក៏ជាការបង្ហាញឲ្យមហាជន បានដឹងអំពីការងារសម្អាតបរិស្ថាន ដើម្បីធ្វើឲ្យសោភណ្ឌ័ភាពទីរួមខេត្ត មានសម្រស់ស្រស់បំព្រងថែមទៀត»។
លោកអភិបាលខេត្ត បាមដាស់តឿនដល់ប្រជាពលរដ្ឋទូទៅ ឲ្យនាំគ្នាស្រឡាញ់បរិស្ថាន ចូលរួមសម្អាតបរិស្ថានទាំងគ្នា។
សូមបញ្ជាក់ថា ការរើសសំរាមនាថ្ងៃនេះ មានការឧបត្ថម្ភពីមន្ទីរបរិស្ថានខេត្ត និងមន្ទីរធនធានទឹកខេត្តនូវសម្ភារ និងឧបករណ៍សម្រាប់ប្រើប្រាស់ផងដែរ៕