(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងធ្វើជាអធិបតីភាពក្នុងពិធីប្រគល់ពានរង្វាន់ដល់ ម្ចាស់ជ័យលាភីកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» វគ្គពិសេសទី៦ នៅវិមានសន្តិភាព។ សម្រាប់ការប្រកួតប្រជែងក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី៦ ដែលជាវគ្គពិសេសនេះ ម្ចាស់ជ័យលាភីលេខ១ (Top-1) នឹងទទួលបានរង្វាន់ធំម៉ូតូមួយគ្រឿង និងរង្វាន់ផ្សេងៗជាច្រើនទៀត។ ជាប់ចំណាត់ថ្នាក់លេខ១ បានទៅលើ កញ្ញា ហង្ស ម៉ារីនី។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» នៅវគ្គក្រោយៗទៀត នឹងពិចារណាដាក់បញ្ចូលបន្ថែមនូវ ប្រធានបទផ្សេងៗទៀត ពាក់ព័ន្ធ ការអប់រំ និងវិស័យសុខាភិបាល។ ការបន្ថែមប្រធានបទនេះ ព្រោះមានបេក្ខជនមួយចំនួន បានធ្វើវីដេអូពាក់ព័ន្ធប្រធានបទនេះផ្ញើមកចូលរួមប្រកួត តែមិនត្រូវបានដាក់ឲ្យធ្វើការប្រកួតប្រជែងនោះឡើយ ដោយសារខុសលក្ខខណ្ឌ លក្ខខណ្ឌចាស់មិនមានប្រធានបទទាំងនេះឡើយ។ ការបញ្ជាក់របស់សម្តេច គឺឆ្លើយតបនឹងចម្ងល់របស់បេក្ខជនមួយចំនួន ដែលមិនបានឃើញវីដេអូរបស់ពួកគេ ដាក់ឲ្យប្រកួតប្រជែង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសត្រូវការរីកលូតលាស់ ទំនុកបម្រុង ហើយមិនមែនតែកម្ពុជាទេ នៅមានប្រទេសជាច្រើនទៀត មានប្រជាពលរដ្ឋក្រីក្រ ហើយទាមទារឲ្យមានការចែករំលែកពីអ្នកមានលទ្ធភាព។ សម្តេចលើកឡើងទៀតថា គ្រោះថ្នាក់ចរាចរមានច្រើនណាស់ ដូច្នេះការអប់រំច្បាប់ចរាចរណ៍ ជាវិធីដ៏ល្អស្រោចស្រង់ជីវិត និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍។
* ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានបន្តលើកឡើងថា មានអ្នកខ្លះលេង Facebook ចាញ់សម្តេច មករករឿងសម្តេចថា មានអ្នក Like ក្លែងក្លាយ។ សម្តេចបានបន្តថា នៅពេលនេះ Facebook សម្តេចបានឈ្នះ ម្នាក់នោះជាង២លាន Like។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កាលពីចាញ់ឆ្នោតលើកមុនថាមក គ.ជ.ប លុះដល់ពេលចាញ់ Facebook មកចោទថា Like ក្លែងក្លាយ។ បើទោះសម្តេចតេជោ មិនបានបញ្ចេញឈ្មោះ ប៉ុន្តែត្រូវបានគេដឹងថា អ្នកដែលលេង Facebook ចាញ់សម្តេចនោះគឺមេបក្សប្រឆាំង។
* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឲ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការ តាមមន្ទីរ ក្រសួងនានា ឲ្យរៀនចេះប្រើប្រាស់បច្ចេកវិជ្ជាលើទូរស័ព្ទ Smart Phone។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានប្រទេសមួយ ខណៈសម្តេចបំពេញទស្សនកិច្ចផ្លូវការ បានលួចតាមដាន Facebook របស់សម្តេច, ព្រោះសម្តេច បង្ហោះរូបភាពមិនចេញ នៅលើ Facebook របស់សម្តេច។
* សម្តេចតេជោ ហ៊ុន សែន ចង់កំណត់ថា ការជ្រើសរើសមន្រ្តីរាជការ ត្រូវធ្វើតេស្តថា អ្នកនោះមានចំណេះដឹងផ្នែកព័ត៌មានវិទ្យាអត់ បើអត់ចេះត្រូវទៅរៀនឡើងវិញ។
* សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចបានធ្វើវេទិកាសាធារណៈតាំងពីជំនាន់មិនទាន់មាន Facebook ម្ល៉េះ មិនមែនទើបតែធ្វើពេលនេះទេ។ សម្តេចថា ពេលនេះសម្តេចក៏កំពុងតែធ្វើវេទិកាសាធារណៈផ្ទាល់ជាមួយប្រជាពលរដ្ឋ នៅតាមបណ្តាខេត្ត។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋ និងយុវជនអ្នកលេង Facebook ទាំងអស់ ជៀសវាងការជេរប្រមាថ និងសូមរក្សាសីលធម៌នៅលើ Comment លើ Facebook។
* សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែបានកសាងសាលា នៅក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែក៏មានផងដែរនូវវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន នៅប្រទេសម៉ាលី។
* សម្តេចតេជោ ស្នើឱ្យមន្រ្តី និងប្រជាពលរដ្ឋផ្តល់ព័ត៌មានពិតប្រាកដជូននាយករដ្ឋមន្រ្តី ដើម្បីឱ្យសម្តេចដោះស្រាយឱ្យចំបញ្ហា។ សម្តេចថា ការរាយការណ៍នាំ ឱ្យសម្តេច ចេញបទបញ្ជាណាមួយ ហើយបើសិនជារាយការណ៍ខុសវានាំឱ្យនារាសករណ៍បទបញ្ជានោះ។
* សម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាថា នឹងមិនឱ្យកុមារជំនាន់នេះ មានវាសនាអភ័ពដូច សម្តេចកាលពីកុមារនោះទេ។ សម្តេចថា ពេលនោះ អត់សូវមានសាលានោះទេ ហើយកុមារពឹងអាស្រ័យការរៀនសូត្រនៅតាមវត្តអារ៉ាម។ សម្តេចថា ក្មេងជំនាន់នេះមានឱកាសច្រើនណាស់ បើធៀបនឹងជំនាន់របស់សម្តេច។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់មាតាបិតាទាំងឡាយ កុំទាញកូនចេញពីការសិក្សា បើកូនមិនទាន់ចប់ថ្នាក់ទី៩។
* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា សម្តេចបានឆ្អែតឆ្អន់នឹងពាក្យជេរប្រមាថថា «អាខ្វាក់»។
* សម្តេចតេជោ ហ៊ុន សែន បានរិះគន់សហរដ្ឋអាមេរិក ក្នុងការធ្វើឱ្យមានសង្រ្គាមនៅ មជ្ឈឹមបូព៌ា។ សម្តេចថា ដូណាល់ ដ្រាម បានទទួលស្គាល់រឿងនេះ ដោយថា អាមេរិកពិតជាខុស ដែលសម្លាប់សាដាមហូសេន ប៉ុន្តែទឹកដីអ៉ីរ៉ាក់មិនបានសុខនៅឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់បឋកថា ក្នុងកម្មវិធីប្រគល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភី កម្មវិធីយុវជនគំរូ លើកទី៦ នៅម៉ោង១០៖៥៥នាទី ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦នេះ៕