(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសប្រាប់សមាជិកក្រុមប្រឆាំងមួយចំនួន ក្នុងក្រុមតេឡេក្រាម «Sabai សប្បាយ»​ ដែលបានគូសខ្វែងសន្លឹកឆ្នោត ហើយផ្ញើទៅកាន់មេរបស់ខ្លួននៅបារីស ចេញមុខសារភាព មុនពេលដែលវិធានការច្បាប់ត្រូវបានប្រកាន់យក។

តាមរយៈសារសំឡេងនៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោយការបោះឆ្នោតបានបិទបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃអត្រាអ្នកដែលបានទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តទី៧ នៅថ្ងៃនេះ ដោយលទ្ធផលបណ្តោះអាសន្ន គឺមានប្រជាពលរដ្ឋចំនួន ៨ ១៧៧ ០៥៣នាក់ ស្មើនឹង ៨៤,២១% នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានទៅបោះឆ្នោត ដែលអត្រានេះមានចំនួនច្រើនលើសលុបបើធៀបនឹងការបោះឆ្នោត កាលពីឆ្នាំ២០២២ និងឆ្នាំ២០១៨។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ចំណុចនេះ យើងអាចសន្និដ្ឋានបានថា ប្រជាពលរដ្ឋបានចូលរួមក្នុងចលនាប្រជាធិបតេយ្យ នៅកម្ពុជាយ៉ាងច្បាស់ ប្រជាពលរដ្ឋពិតជាចង់បាននូវសេចក្តីសុខ សេចក្តីចម្រើន ជាមួយនឹងដំបូលសន្តិភាព ដែលយើងកំពុងមាន ហើយចង់ចេញចាកឆ្ងាយពីក្រុមជ្រុលនិយម ដែលពួកគេតែងតែបានបំផ្លាញ»

ជាមួយនឹងលើកឡើងអំពីលទ្ធផលបណ្តោះអាសន្ននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលេចអំពីសកម្មភាពក្រុមប្រឆាំងដែលរារាំងចំពោះការរៀបចំការបោះឆ្នោត និងបំផ្លាញសន្លឹកឆ្នោត តាមរយៈការគូសខ្វែង ខណៈពួកគេ បានរៀបចំក្រុមតេឡេក្រាមមួយ ធ្វើសកម្មភាពនេះថតរូបខ្វែងសន្លឹកឆ្នោត ផ្ញើទៅកាន់ លោក សម រង្ស៉ី ដែលយកបញ្ហានេះ ធ្វើជាការប្រជែង។

សម្តេចបានបញ្ជាក់ថា «ឥឡូវយើងរង់ចាំមើល ថាតើមានសន្លឹកឆ្នោតដែលគូសខ្វែងប៉ុន្មានសន្លឹក ព្រោះមេដឹកនាំក្រុមជ្រុលនិយមបាននិយាយយ៉ាងច្បាស់ថា សន្លឹកឆ្នោតណាដែលគូសខ្វែង គឺជាសន្លឹកឆ្នោតដែលគាំទ្រពួកគេ ដូច្នេះតើមានសន្លឹកឆ្នោតគូសខ្វែងប៉ុន្មានសន្លឹក ហើយសន្លឹកឆ្នោតមោឃៈ ឬគូសខុស ត្រូវចាត់ទុកជាធម្មតា គឺភាគរយ»

សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅក្រុមប្រឆាំងទាំងនោះ ដែលបានដំណើរការក្នុងក្រុមតេឡេក្រាមមួយឈ្មោះ «Sabai សប្បាយ» ដែលបានគូសខ្វែងសន្លឹកឆ្នោតហើយផ្ញើទៅកាន់មេរបស់ខ្លួននៅក្រុងបារីស។ សម្តេចបានបញ្ជាក់ថា អ្នកទាំងនោះ សម្តេចបានស្គាល់អត្តសញ្ញាណអស់ហើយ នៅក្នុងប្រទេស ប៉ុន្តែសម្តេចស្នើកុំឱ្យមានការភ័យខ្លាច

សម្តេចបានបញ្ជាក់បន្ថែមថា «អ្នកអាចចេញមកសារភាពជាមួយនឹងអាជ្ញាធរ ជាមួយនឹងគ.ជ.ប ជាពិសេសជាមួយនឹងអាជ្ញាធរ ព្រោះចលនាបំផ្លាញសន្លឹកឆ្នោតគឺជាបទល្មើសដែលត្រូវផ្តន្ទាទោស អ្នកដឹងខ្លួនសូមឱ្យប្រញាប់ប្រញាលចេញមកសារភាព ជាមួយអាជ្ញាធរដែលនៅកន្លែងដែលគៀកបំផុត បើមិនដូច្នោះទេ វិធានការផ្លូវច្បាប់នឹងត្រូវប្រកាន់យក»

សម្តេចបានបញ្ជាក់ថា សម្តេចក៏បានចូលទៅ Comment នៅក្នុងក្រុមនោះចំនួន៤លើកផងដែរ ហើយសម្តេចប្រាប់អ្នកទាំងនោះ កុំរត់ទៅក្រៅប្រទេស តែប្រញាប់ចេញសារភាព ដោយសារតែប្រព្រឹត្តកំហុសតាមមេដឹកនាំ។

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា គ.ជ.ប នឹងបែងចែកដាច់រវាង សន្លឹកឆ្នោតអត់បានការណ៍ និងសន្លឹកឆ្នោតដែលត្រូវគូសខ្វែង។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា អ្នកដែលទៅបានបោះឆ្នោត គឺបានគាំទ្រចំពោះការអំពាវនាវរបស់ ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងគ.ជ.ប។ សម្តេចបានថ្លែងអំណរគុណផងដែរចំពោះប្រជាពលរដ្ឋដែលបានទៅបោះឆ្នោតផងដែរ។

តាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីស្រាវជ្រាវលើករណីញុះញង់បំផ្លាញការបោះឆ្នោត ដែលរៀបចំដោយទណ្ឌិត សម រង្ស៉ី នៅពេលនេះ សមត្ថកិច្ចជំនាញ បានរកឃើញមុខសញ្ញា ដែលធ្វើសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោតជាមួយទណ្ឌិត សម រង្ស៉ី តាមរយៈក្រុមតេលេក្រាម «Sabai សប្បាយ» ចំនួន៤០នាក់ហើយ ដែលអ្នកទាំងនោះប្រឈមនឹងការផ្តន្ទាទោសតាមច្បាប់ និងការផាកពិន័យជាប្រាក់ផងដែរ ខណៈសមត្ថកិច្ចកំពុងតែប​ន្តស្រាវជ្រាវថែមទៀត៕