(ព្រះសីហនុ)៖ ការិយាល័យបោះឆ្នោតអូរតាហយ ក្នុងចំណោមការិយាល័យទាំង២៤ នៅឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ទទួលបានសំឡេងឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជាទាំងអស់តែម្ដង ពោលអ្នកបោះឆ្នោតមិនបានបោះឲ្យគណបក្សប្រឆាំងនោះទេ។ នេះបើតាមមន្ដ្រីនៅការិយាល័យនោះ ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

សូមជម្រាបថា រហូតដល់ពេលនេះ អត្រាអ្នកបោះឆ្នោត​បណ្តោះអាសន្ន មានចំនួន មានចំនួន ៨ ១៧៧ ០៥៣នាក់ ស្មើ ៨៤,២១% នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានទៅបោះឆ្នោត ខណៈគ.ជ.ប កំពុងបន្តបូកសរុប។ នេះបើយោងតាមតួលេខគិតត្រឹមម៉ោង៤៖៣០នាទី រសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

ខាងក្រោមជាតួលេខ លទ្ធផលបោះឆ្នោត កាលពីឆ្នាំ២០១៨ និងឆ្នាំ២០២២៖

* ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ កាលពីឆ្នាំ២០១៨ នាថ្ងៃទី២៩ ខែកក្កដា ពេលនោះប្រជាពលរដ្ឋទៅបោះឆ្នោតមានចំនួន ៦,៩៥៦,៩០០នាក់ ស្មើនឹង ៨៣.០២ ភាគរយ ក្នុងចំណោមអ្នកចុះឈ្មោះបោះឆ្នោតសរុបចំនួន ៨ ៣៨០ ២១៧នាក់ (១០០%)។

* ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កាលពីឆ្នាំ២០២២ មានប្រជាពលរដ្ឋទៅបោះឆ្នោតចំនួន ៧ ៣៩៤ ៤២៧នាក់ ស្មើនឹង៨០.៣២ភាគរយ នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតទាំងអស់ចំនួន ៩ ២០៥ ៦៨១នាក់ (១០០%)៕