(ភ្នំពេញ)៖ នៅលើបណ្តាញព័ត៌មានសង្គមអ៊ីនស្តាក្រាម (Instagram) បង្ហោះនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បណ្ឌិត ព្រហ្ម វិចិត្រអក្ខរា បានសរសេរថា ពលរដ្ឋកម្ពុជារីករាយចូលរួមការពាររដ្ឋធម្មនុញ្ញ និងលើកកម្ពស់ប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស។

នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋកម្ពុជាប្រមាណជាង ៨០% បានចូលរួមអនុវត្តសិទ្ធិបោះឆ្នោត ដោយបាននាំគ្នាទៅបោះឆ្នោតក្នុងទឹកមុខញញឹម គ្មានការបង្ខិតបង្ខំ និងបានអនុវត្តកាតព្វកិច្ចជាពលរដ្ឋល្អគូសសន្លឹកឆ្នោតគាំទ្រគណបក្សនយោបាយដែលខ្លួនពេញចិត្ត ឈរលើភាពសម្ងាត់ និងសេរីភាព ដែលនេះឆ្លុះបញ្ចាំងពីការចូលរួមការពាររដ្ឋធម្មនុញ្ញ និងលើកកម្ពស់ប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស នៅកម្ពុជា។

គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ មានប្រជាពលរដ្ឋ អ្នករៀបចំកិច្ចការបោះឆ្នោត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឈ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងភ្នាក់ងារគណបក្សនយោបាយ បានបំពេញកាតព្វកិច្ច និងភារកិច្ចបានយ៉ាងល្អប្រសើរ នៅគ្រប់ការិយាល័យបោះឆ្នោតទាំង ២៣,៧៨៦ ការិយាល័យទូទាំងប្រទេស។

មុនថ្ងៃបោះឆ្នោត និងក្នុងថ្ងៃបោះឆ្នោតនេះ គេសង្កេតឃើញថា បញ្ហាសន្តិសុខ សុវត្ថិភាព ស្ថេរភាពសង្គម ការប្រកបរបរអាជីវកម្ម និងដំណើរការពាណិជ្ជកម្មនានា ត្រូវបានធានា និងមានលក្ខណៈល្អប្រសើរជាប្រក្រតី ដែលសកម្មភាពនេះ បង្ហាញឱ្យឃើញពីការអនុវត្ត និងគោរពតាមរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធយ៉ាងខ្ជាប់ខ្ជួនពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់ ស្របតាមគោលការណ៍គ្រឹះនៃនីតិរដ្ឋ៕