(ភ្នំពេញ)៖ អ្នកសង្កេតការណ៍អន្ដរជាតិ តែងនៅក្បែរជាប់ជានិច្ចជាមួយមន្ដ្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងភ្នាក់ងារបណ្ដាគណបក្សនយោបាយ ក្នុងពេលរាប់សន្លឹកឆ្នោត។

ជាក់ស្ដែងនៅការិយាល័យបោះឆ្នោតក្នុងវិទ្យាល័យបាក់ទូក មានអ្នកសង្កេតការណ៍អន្ដរជាតិជាច្រើននាក់ រួមជាមួយអ្នកសង្កេតការណ៍ជាតិ និងភ្នាក់ងារគណបក្សនយោបាយ គឺឈរផ្ទៀតផ្ទាត់ និងរាប់សន្លឹកឆ្នោតទាំងអស់គ្នាតែម្ដង ដើម្បីបង្ហាញពីភាពត្រឹមត្រូវ សុក្រិត្យ និងយុត្តិធម៌។

សូមជម្រាបថា ក្រោយបិទការិយាល័យបោះឆ្នោតនៅរសៀលនេះ គឺអត្រាអ្នកបោះឆ្នោត​បណ្តោះអាសន្ន មានចំនួន៨០,៥៩ភាគរយ នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានទៅបោះឆ្នោត ខណៈគ.ជ.ប កំពុងបូកសរុប។

ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានប្រជាពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់ មានមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៨ និងមានការិយាល័យ ២៣,៧៨៩ការិយាល័យ៕