(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងលោកស្រី ថេង ពុទ្ធិតា ជាភរិយា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអណត្តិទី៧ នៅការិយាល័យបោះឆ្នោតលេខ០៤០៦រួចរាល់ហើយ ស្ថិតនៅក្នុងអនុវិទ្យាល័យ ព្រះសីហនុរាជ ស្ថិតក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល។
លោក គង់ សោភ័ណ្ឌ និងភរិយា បានសម្តែងអារម្មណ៍មោទនភាពយ៉ាងក្រៃលែង ដោយឃើញប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាល បានចេញមកបោះឆ្នោត និងបន្តចេញមកបោះឆ្នោតជាហូរហែរ នៅតាមការិយាល័យរបស់ខ្លួនយ៉ាងច្រើនកុះករ។ ទាំងនេះសបញ្ជាក់ឱ្យឃើញថា ពីមួយអាណត្តិទៅមួយអាណត្តិ ប្រជាពលរដ្ឋរឹតតែមានការយល់ដឹងអំពីតម្លៃ នៃការបោះឆ្នោត ក្នុងនាមជាពលរដ្ឋល្អ ហើយលោកក៏សង្ឃឹមយ៉ាងមុតមាំថា ចាប់ពីម៉ោងនេះរហូតដល់ម៉ោងបិទបញ្ចប់ នៃការបោះឆ្នោត នឹងមានប្រជាពលរដ្ឋចេញទៅបោះឆ្នោតគ្រប់ៗគ្នាផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោកក៏សូមថ្លែងអំណរគុណដល់ មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោត គ្រប់ជាន់ថ្នាក់ កងកម្លាំងរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្រុមអ្នកសង្កេតការណ៍ជាតិ សហគមន៍ អង្គការមិនមែនរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដែលបានសហការ និងបង្កលក្ខណៈល្អគ្រប់ការិយាល័យបោះឆ្នោត ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងជាមោទនភាព នៃខេត្តកណ្ដាល។
សូមជម្រាបថា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋត្រូវទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ការិយាល័យបោះឆ្នោត ត្រូវកំណត់បើកទ្វារនៅម៉ោង៧៖០០នាទីព្រឹក ហើយបិទបញ្ចប់នៅម៉ោង៣៖០០នាទីរសៀល។ ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ នៅទូទាំងប្រទេសមានការិយាល័យ ២៣,៧៨៩ការិយាល័យ។
ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨។
សម្រាប់ខេត្តកណ្ដាល គឺមានគណបក្សនយោបាយចំនួន១២ ដែលត្រូវចូលរួមប្រគួតប្រជែង ក្នុងនោះអ្នកមានឈ្មោះបោះឆ្នោត ចំនួន៨១៨,៤៥៩នាក់ (ស្ត្រី៤៣៤,៩០១នាក់), មានការិយាល័យបោះឆ្នោត ចំនួន៥៥៨ការិយាល័យ ស្មើរនឹង១,៧៥៦មណ្ឌល, មានគណបក្សនយោបានយចំនួ ៤បានដាក់ភ្នាក់ងារគណបក្សនយោបាយចូលរួមធ្វើការសង្កេតការបោះឆ្នោតមានមនុស្សចំនួន៣,៥១៨នាក់ (ស្ត្រី១,១១៨នាក់) ក្នុងនោះភ្នាក់ងារពេញសិទ្ធិចំនួន២,១៧៩នាក់(ស្ត្រី៥៥៣នាក់)។ ភ្នាក់ងារសង្កេតការណ៍ គណបក្សនយោបាយជាច្រើនផងដែរ បានចុះឈ្មោះចូលេមធ្វើការសង្កេតការណ៍ក្នុងថ្ងៃបោះឆ្នោត ក្នុងនោះសហភាពាហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាលបានដាក់អ្នកសង្កេតការណ៍បោះឆ្នោតសរុវចំនួន៣,៥១៨នាក់(ស្ត្រី១,១៣៥៨នាក់)៕