(ភ្នំពេញ)៖ លោកបណ្ឌិត សឹង សំណាង សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកកំពង់លែង និងលោកស្រី ព្រមទាំងក្រុមគ្រួសារ នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ រួចហើយ នៅការិយាល័យលេខ១៦៨២ សាលាបឋមសិក្សាសុភមង្គល សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បន្ទាប់ពីបានបោះឆ្នោតរួចរាល់ លោកបណ្ឌិត ស៉ឹង សំណាង បានបន្តដំណើរឆ្ពោះមកកាន់ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីចុះពិនិត្យស្ថានភាពក្រុមការងារដែលកំពុងញាប់ដៃញាប៉ជើងបញ្ចូលទិន្នន័យ និងកំណត់ត្រាពលរដ្ឋអញ្ជើញចូលរួមបោះឆ្នោតក្រោមបរិយាកាសប្រជាធិបតេយ្យ។

លោកបណ្ឌិតបានចំណាយពេលវេលាដ៏មមាញឹកដើម្បីលើកទឹកចិត្តក្រុមការងាស្រុកកំពង់លែង ដែលកំពុងបំពេញការងារបញ្ចូលទិន្នន័យប្រកបដោយភាពរលូន បើទោះជាមានភ្លៀងបានធ្លាក់ដោយអន្លើៗតាមការិយាល័យបោះឆ្នោតក្នុងស្រុកកំពង់លែង ប៉ុន្តែ ប្រជាពលរដ្ឋនៅតែបន្តវត្តមានមកចូលរួមបោះឆ្នោតនៅតាមការិយាល័យនីមួយៗឥតដាច់។

សូមជម្រាបថា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋត្រូវទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ការិយាល័យបោះឆ្នោត ត្រូវកំណត់បើកទ្វារនៅម៉ោង៧៖០០នាទីព្រឹក ហើយបិទបញ្ចប់នៅម៉ោង៣៖០០នាទីរសៀល។

ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨៕