(ភ្នំពេញ)៖ មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២៣ ខែកក្កដានេះ បានឃាត់ខ្លួនយុវជនម្នាក់បញ្ជូនទៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យទី២ បន្ទាប់ពីរូបគេយកទូរស័ព្ទថតរូបសន្លឹកឆ្នោតដោយឃើញមានការគូសខ្វែង។
ជនសង្ស័យដែលបានគូសសន្លឹកឆ្នោតខ្វែង និងត្រូវបានមន្ត្រី គ.ជ.ប រកឃើញក្នុងទូរស័ព្ទនោះ មានឈ្មោះ សាត អូន ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម៩ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (លេខរៀងបោះឆ្នោត៣៨៩)។
បើតាមប្រភពពីមន្ត្រី គ.ជ.ប ជនសង្ស័យឈ្មោះ សាត អូន បានចូលទៅបោះឆ្នោតនៅក្នុងការិយាល័យ ០៨០៤ ក្នុងបន្ទប់សម្ងាត់ ហើយបានថតសន្លឹកឆ្នោតក្នុងទូរស័ព្ទដៃ នៅវេលាម៉ោង០៩៖៣០នាទី។ ពេលនោះប្រធានការិយាល័យ០៨០៤ មានការសង្ស័យ បានសុំឆែកមើលទូរស័ព្ទដៃដែលរូបគេថតក្នុងបន្ទប់សម្ងាត់នោះ ក៏បានឃើញរូបភាពសន្លឹកឆ្នោតមានគូសខ្វែង នៅក្នុងទូរស័ព្ទដៃ ហើយបានឃាត់ខ្លួនជនសង្ស័យខាងលើតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឃាត់ខ្លួនបញ្ជូនទៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យទី២ ដើម្បីបន្តនីតិវិធី៕