(ភ្នំពេញ)៖ «ខ្ញុំបែកទៅពីប្រទេសកំណើតតាំងពីឆ្នាំ១៩៨២ ឬ៨៣ ពេលដែលខ្ញុំបែកទៅ ប្រទេសរបស់ខ្ញុំហាក់ដូចជានៅក្នុងប្រអប់ ដែលមិនដឹងថាទៅជាយ៉ាងណាហើយ» លោកតា ម៉ក់ ហឺន ថ្លែងប្រយោគនេះទាំងអួលដើមក ដោយបញ្ជាក់ថា ការណ៍លោកតាអួលដើមកនេះ ព្រោះតែលោកនឹកស្ដាយក្រោយចំពោះកំហុសដែលធ្លាប់លង់ជឿអ្នកនយោបាយក្រៅប្រទេសដែលតែងនិយាយបំភ្លៃការពិតនៅកម្ពុជាបច្ចុប្បន្ន ដល់ពេលលោកបានមកដល់ក្នុងប្រទេសកំណើត ទើបបានឃើញនូវភាពជាក់ស្ដែងថាកំពុងមានការរីកចម្រើនទៅមុខហើយ។
លោកតា ម៉ក់ ហឺន ថ្លែងបែបនេះគឺបន្ទាប់ពីលោក និងក្រុមគ្រួសារចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា។
នាឱកាសនោះ លោកបានបញ្ជាក់ថា លោកបានចាកចេញពីប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៨២ ឬឆ្នាំ១៩៩៣ គ្រានោះដែលលោកមិនបានដឹងឡើយថាប្រទេសដ៏កម្សត់មួយនេះនឹងទៅជាយ៉ាងណា។ ប៉ុន្តែនៅពេលមានប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក លោកក៏តែងតែឃើញមានទំនាស់ទាស់ទែងគ្នារវាងក្រុមប្រឆាំង និងរាជរដ្ឋាភិបាល ម្ល៉ោះហើយលោកក៏ចំណាយពេល៥៣ថ្ងៃ ដើម្បីស្រាវជ្រាវរកការពិតពីប្រទេសកម្ពុជាឡើងវិញរវាងអ្វីដែលអ្នកនៅក្រៅប្រទេសប្រាប់លោក និងអ្វីដែលលោកឃើញពេញភ្នែកនៅក្នុងប្រទេស។ ដល់ពេលបានមកដល់ក្នុងប្រទេស លោកឃើញថាអ្វីដែលនៅក្នុងប្រទេសគឺខុសពីអ្នកនយោបាយក្រៅប្រទេសនិយាយ។ ដូច្នេះហើយទើបលោកគិតថាសាជាថ្មីថា តើត្រូវចូលរួមយ៉ាងណាដើម្បីរក្សាសន្តិភាព បង្រួបបង្រួមជាតិ និងចូលរួមបន្តការអភិវឌ្ឍប្រទេសជាតិតទៅទៀតទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។
លោកតាថ្លែងទាំងអួលដើមកថា «ខ្ញុំបែកទៅពីប្រទេសកំណើតតាំងពីឆ្នាំ១៩៨២ ឬ៨៣ ពេលដែលខ្ញុំបែកទៅ ប្រទេសរបស់ខ្ញុំហាក់ដូចជានៅក្នុងប្រអប់ ដែលមិនដឹងថាទៅជាយ៉ាងណាហើយ»។
លោកបានចំណាយពេលរាប់ថ្ងៃ ចំណាយប្រាក់ធ្វើដំណើររាប់ម៉ឺនគីឡូម៉ែត្រ ដើម្បីមកបោះឆ្នោតនៅក្នុងប្រទេសកំណើតនេះ គឺជាការស្ម័គ្រចិត្តរបស់លោក។ លោកថា «សន្លឹកឆ្នោតដែលខ្ញុំទម្លាក់ចូលធុងឆ្នោត គឺចង់បានសន្តិភាព»។
លោកបានមើលឃើញថា ការរៀបចំការបោះឆ្នោតនេះគឺទទួលយកបាន១០០% ទោះបីគេប្រកាន់គោលការណ៍អ្នកមកមុនបោះមុន តែគេក៏អនុគ្រោះចំពោះជនចាស់ជរា ជនមានពិការភាព ស្ត្រីមានផ្ទៃពោះជាដើមផងដែរ ដែលទង្វើនេះលោកបានការពេញចិត្តយ៉ាងខ្លាំង។
អ្វីដែលជាការលើកឡើងថា ការបោះឆ្នោតនេះមិនត្រឹមត្រូវ ឬយ៉ាងណាៗ នោះជាការយល់ឃើញរបស់សាមីខ្លួនម្នាក់ៗ ប៉ុន្តែសម្រាប់លោកគឺយល់ថា វាពិតជាបានប្រព្រឹត្តទៅតាមច្បាប់ហើយ ដោយលោកបានប្រៀបប្រដូចទៅនឹងការដាក់ពាក្យប្រកួតប្រឡងអ្វីមួយ នៅពេលគេកំណត់លក្ខខណ្ឌទាមទារឯកសារនេះឯកសារនោះ ហើយបេក្ខជនមិនបំពេញបានគ្រប់គ្រាន់តាមលក្ខខណ្ឌ នោះគណៈកម្មការគេក៏មិនអាចទទួលយកបេក្ខភាពនោះឱ្យចូលរួមប្រកួតនោះដែរ។ លោកតា ម៉ក់ ហឺន បន្ថែមយ៉ាងដូច្នេះ។
លោកបានបន្ថែមថា បើគណបក្សដែលយើងស្រឡាញ់មិនបានចូលរួមបោះឆ្នោតក្នុងអាណត្តិនេះ យើងក៏អាចបោះឱ្យគណបក្សផ្សេងសិនបាន ដើម្បីបំពេញករណីយកិច្ចជាពលរដ្ឋ ហើយចាំអាណត្តិក្រោយ គណបក្សដែលយើងស្រឡាញ់អាចចូលរួមឈរឈ្មោះបាន ចាំយើងបោះឆ្នោតជូនគណបក្សនោះទៅ ក៏មិនទាស់ខុសអ្វីដែរ។ លោកបានប្រៀបប្រដូចទៅនឹងការចង់ទទួលទានសម្លដូច្នេះដែរថា ប្រសិនបើមិនបានសម្លកកូរ ឬបុកគ្រឿង តែយើងក៏អាចទទួលទានត្រីងៀត ត្រីឆ្អើរសិនក៏បាន។
លោកអួលដើមក ដោយសារលោកសោកស្ដាយក្នុងចិត្តថា កាលលោកនៅក្រៅប្រទេស ស្ដាប់តែគេថាប្រទេសខ្មែរមានភាពព្រៃផ្សៃ ប្រជាជនងងឹតល្ងង់ តែដល់ពេលមកដល់ប្រទេសកំណើតជាក់ស្ដែង ឃើញថាមិនដូចការចោទប្រកាន់ពីសំណាក់អ្នកនយោបាយនៅក្រៅប្រទេសនោះទេ។ ដូច្នេះហើយទើបលោកនៅតែដិតដាមពេលវេលាកន្លងទៅដែលយល់ខុស។
លោកមិនគាំទ្រឡើយចំពោះអ្នកនយោបាយក្រៅប្រទេសទាំងនោះនៅតែបង្កការរាំងស្ទះ ញុះញង់ឱ្យប្រជាជនកុំទៅបោះឆ្នោត បើទៅបោះឆ្នោតត្រូវគូសខ្វែងចោលទៅវិញ ដែលទង្វើនេះគឺប្រាសចាសនូវមនុស្សធម៌ បំផុសគំនិតបំផ្លាញគ្នា។
លោកបានបញ្ជាក់ទៀតថា កាលពីឆ្នាំ១៩៧៩ ប្រទេសកម្ពុជាសឹងក្លាយជាផេះ ហើយក្រោយពេលលោកបានមកដល់ប្រទេសកំណើតនេះវិញ លោកមានការសប្បាយចិត្តយ៉ាងខ្លាំង ដោយមិននឹកស្មានថា ប្រទេសកម្ពុជាកាលពីសម័យសង្គ្រាមនោះ បានក្លាយជាប្រទេសកម្ពុជាដែលមានការអភិវឌ្ឍដូចពេលនេះឡើយ ហើយជឿជាក់ថា ការអភិវឌ្ឍនឹងបន្តទៅមុខទៀតឱ្យតែមានសន្តិភាព៕