(ភ្នំពេញ)៖ លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងលោក ចាប តូ រួមទាំងក្រុមការងារ នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំជនមានពិការភាពភ្នែកចំនួន ៣២៥នាក់ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ រួចហើយ នៅក្នុងសាលាបឋមសិក្សាគោករកា ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលជាការិយាល័យបោះឆ្នោតត្រូវបានរៀបចំ២ ការិយាល័យសម្រាប់ជនមានពិការភាព។
សូមបញ្ជាក់ថា ជនមានពិការភាពភ្នែកមើលមិនឃើញពិបាកក្នុងការធ្វើដំណើរ និងរៀបចំឯកសារ ហេតុនេះដើម្បីសម្រួលឲ្យបងប្អូនពិការភ្នែកទាំងអស់បានចូលរួមបោះឆ្នោតគ្រប់ៗគ្នាក្រុមការងារបានដឹកជញ្ជូនពួកគាត់ពីមណ្ឌលស្នាក់នៅនិងបង្រៀនជំនាញទៅកាន់ទីតាំងបោះឆ្នោត និងដឹកត្រឡប់មកមណ្ឌលវិញ។
សូមជម្រាបថា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋត្រូវទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ការិយាល័យបោះឆ្នោត ត្រូវកំណត់បើកទ្វារនៅម៉ោង៧៖០០នាទីព្រឹក ហើយបិទបញ្ចប់នៅម៉ោង៣៖០០នាទីរសៀល។
ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨៕