(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា (កីឡាជនពិការ) បានអញ្ជើញទៅបោះឆ្នោតរួចរាល់ហើយ ជាមួយគ្នានេះលោកបានអំពាវនាវទៅកាន់បងប្អូនជាជនមានពិការភាព និងអត្តពលិកជាជនពិការទាំងអស់ សូមអញ្ជើញទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នាៗ។

លោកបានអំពាវនាវថា «ថ្ងៃនេះ ជាថ្ងៃដែលយើងអនុវត្តសិទ្ធិផ្ទាល់ខ្លួន ដើម្បីជ្រើសរើសតំណាងរាស្ត្រ សូមបងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនជនមានពិការភាពជាទីស្រឡាញ់ សូមអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា កុំបីអាក់ខានឡើយ»។

សូមជម្រាបថា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋត្រូវទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ការិយាល័យបោះឆ្នោត ត្រូវកំណត់បើកទ្វារនៅម៉ោង៧៖០០នាទីព្រឹក ហើយបិទបញ្ចប់នៅម៉ោង៣៖០០នាទីរសៀល។ ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។

ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨៕