(ភ្នំពេញ)៖ លោក ចាន់ អង្គារ៉ា ម្ចាស់ហាងនុំ អប្សរ៉ា បានថ្លែងក្នុងកម្មវិធីពិធីជួបជុំ អាជីវករ របស់ខ្លួន ទាំង២៥ខេត្ដក្រុង ឲ្យដឹងថា ក្នុងឱកាសថ្ងៃបុណ្យសែនព្រះខែ តាមប្រណៃចិនខាងមុខនេះ លោក គ្រោងនឹងផលិតនំ ចាប់ពី២០ទៅ៣០ម៉ឺនកញ្ចប់ ដែលមានរសជាតិឆ្លាញ់ ប្លែកពិសេស គុណភាពខ្ពស់ តម្លៃសមរម្យ ពិសេសមាននំសម្រាប់អ្នកកើតទឹកនោមផ្អែមទៀតផង ដើម្បីតម្រូវចិត្ដអតិថិជន។
លោកបានលើកឡើងនៅភោជនីយ៍ដ្ឋានទន្លេបាសាក់២ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះទៀតថា «បានជាក្នុងឆ្នាំនេះ ខ្ញុំផលិតនំរហូតដល់ទៅ២០-៣០កញ្ចប់នេះ គឺយើងលក់សម្រាប់តែឱកាសបុណ្យសែនព្រះខែតែប៉ុណ្ណោះ ដែលចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែកញ្ញា ដើម្បីតម្រូវការរបស់អតិថិជនខ្មែរយើងដែលជាប់ខ្សែរស្រឡាយចិន ឲ្យបានគ្រប់គ្រាន់ ព្រោះដោយឃើញតម្រូវការរបស់ពួកគាត់ ចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្ដែងកាលពីឆ្នាំ២០១៥ កន្លងទៅ ការលក់ និងការផលិតមានកើតឡើងជាង១៥ភាគរយ ហើយនំដែលលក់ដាច់ជាងគេនោះ គឺនំដែលមានរសជាតិឈូក និងរសជាតិស្វាយ ពិសេសនោះគឺ នំលោកខែដែលធ្វើសម្រាប់អតិថិជនដែលមានជំងឺទំនោមផ្អែម ដែលពិសារទៅមិនប៉ះពាល់ដល់សុខភាព» ។
លោកបន្ដថា «សម្រាប់លក្ខណៈពិសេសនៃនំ ដែលផលិតសម្រាប់អ្នកទឹកនោមផ្អែមនោះ គឺស្ថិតនៅលើប្រភេទស្ករ ដែលជាគ្រឿងផ្សំចម្បងតែម្ដង ដែលយើងកុម្ម៉ង់មកពីប្រទេសសិង្ហបុរី ហើយរសជាតិដើម១០០ភាគរយ ហើយមិនថាតែ នំនេះទេ សូម្បីតែនំផ្សេងៗទៀត ដូចជារសជាតិ ធូរ៉េន ស្វាយ ឈូក ក៏ដោយ បើនំរសជាតិធូរ៉េ គឺយើងយកធូរ៉េនមកធ្វើតែម្ដង ដោយមិនលាយសារជាតិអ្វីដែលធ្វើឲ្យបាត់គុណភាពនំនោះទេ ហើយរសជាតិឈូក និងស្វាយ ក៏ដូចគ្នាដែរ ព្រោះដើម្បី បង្កើនរសជាតិនៃនំ កាន់តែឈ្ងុយឆ្ងាញ់ បន្ថែមមួយកម្រិតទៀត ពិសេសជាមួយចុងភៅនំរបស់ហាងយើងដែលចំណាន អនាម័យខ្ពស់តែម្ដង»។
លោក បន្ថែមទៀតថា តាមការសម្លឹងឃើញរបស់លោក ក្នុងឆ្នាំនេះ លោកសង្ឃឹមយ៉ាងមុតមាំថា នឹងមានការកើនឡើងកាន់តែខ្ពស់បន្ថែមទៀត នូវតម្រូវរបស់អតិថិជន ដោយឆ្នាំនេះ ហាងនំអប្សរ៉ា បានបន្ថែមនូវរសជាតិថ្មី ច្នៃប្រឌិតខ្ពស់ ប្រកបដោយអនាម័យល្អ វេកខ្ចប់យ៉ាងប្រណិត តម្លៃសមរម្យ ហើយថែមទាំងមានកម្មវិធីពិសេស សម្រាប់អតិថិជនក្នុងឱកាសបុណ្យសែនព្រះខែខាងមុខនេះផងដែរ។
គួររម្លឹកថា ហាងនំអប្សរ៉ា ដែលមានវត្ដមាននៅកម្ពុជាយ៉ាងចាស់ឆ្នាំនៅកម្ពុជា ទាំងបទពិសោធន៍ ទាំងប្រជាប្រិយភាពមួយនេះ នៅតែបន្ដការគាំទ្រខ្ពស់ ពីអតិថិជនទូទាំងប្រទេសដដែល ហើយមកទល់នឹងពេលេនេះ ហាងនំអប្សរ៉ា មានសាខាធំៗចំនួន បីផងដែរ គឺសាខាទី១- នៅផ្សារអូឬស្សី ,ទី២-នៅទឹកថ្លា និងទី៣-នៅសៀមរាប និងចែកចាយតាមដេប៉ូ ទាំង២៥ខេត្ដក្រុង ៕